ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័ត ឲ្យពលរដ្ឋប្រើទឹក ដោយសន្សំសំចៃ

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា រ.ទ.ស.ភបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួន ឲ្យប្រើប្រាស់ទឹក ដោយសន្សំចៃ ព្រោះតម្រូវការទឹកបានកើនឡើង ។

យោងតាមសេចក្ដីជូនដំណឹងរបស់ រ.ទ.ស.ភ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន ដូច្នេះអតិថិជនជួបបញ្ហាទឹកស្អាតទាំងអស់យោគយល់, អធ្យាស្រ័យ, ខន្តីអភ័យទោស និងជឿជាក់ថា រ.ទ.ស.ភ នឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភា ឆ្នាំ២០២៣ ។

រ.ទ.ស.ភ បញ្ជាក់ថា «ជាក់ស្ដែងនៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្ដែងរបស់ រ.ទ.ស.ភ មានប្រមាណតែ ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រ.ទ.ស.ភ ខ្វះទឹកផ្គត់ផ្គង់ចំនួន២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ»។

រ.ទ.ស.ភ បន្ថែមថា រាជរដ្ឋាភិបាល, ក្រសួងអាណាព្យាល, ក្រុមប្រឹក្សាភិបាល, បានយល់អំពីសភាព ការណ៍ខ្វះទឹកស្អាត ប្រើប្រាស់ និងបានជួយគាំទ្រ រ.ទ.ស.ភ យ៉ាងពេញទំហឹងក្នុងការផ្ដល់ទុនវិនិយោគ ដើម្បីឲ្យ រ.ទ.ស.ភ មានលទ្ធភាពសាង សង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ ៤០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗ ឲ្យខាងតែបានចាប់ពីឆមាសទី១ ឆ្នាំ២០២៣ នេះតទៅ។

រ.ទ.ស.ភ បញ្ជាក់ទៀតថា « សូម អំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំ សំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅ ក្នុងតំបន់ជាយក្រុង»៕

To Top