ភ្នំពេញ៖ លោក ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានថ្លែងថា អ្នកសារព័ត៌មាន គឺជាចលករមួយក្នុងការអភិវឌ្ឍប្រទេសជាតិ និងរក្សាសុខសន្តិភាព ហើយប្រជាពលរដ្ឋ ត្រូវមានចិត្តគំនិតរួមតែមួយ បើម្នាក់ទៅឆ្វេង ម្នាក់ទៅស្តាំ ប្រទេសជាតិនឹងមានការបែកបាក់។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ស សុខា បានណែនាំដល់អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងមានប្រយោជន៍ដល់សង្គមជាតិ ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

លោកប្រធានកិត្តិយសបញ្ជាក់ថា «សូមចាំថា អ្នកសារព័ត៌មាន គឺជាចលករមួយក្នុងការអភិវឌ្ឍប្រទេសជាតិ និងរក្សាសុខសន្តិភាព ហើយប្រជាពលរដ្ឋ យុវជន ត្រូវមានចិត្តគំនិតរួមតែមួយ បើម្នាក់ទៅឆ្វេង ម្នាក់ទៅស្តាំមានការចង់បានផ្សេងគ្នានោះ ប្រទេសជាតិនឹងមានការបែកបាក់»។
លោកបន្ដថា «ខ្ញុំនិយាយនេះ គឺដោយសារតែមើលឃើញនូវប្រវិត្តសាស្ត្រកម្ពុជា ធ្លាប់បានជួបសង្គ្រាមរាប់ទសវត្សរ៍មកហើយ ដូចនេះ តម្រូវការព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមិនលំអៀង»។

លើសពីនេះ លោកក៏បានណែនាំដល់ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបន្ដការងាររបស់ខ្លួន ដោយគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានា ឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តរៀបចំរចនាសម្ព័ន្ធឲ្យបានទូទាំងប្រទេស ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងារខ្ពស់ ជាពិសេសនោះ ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ទប់ស្កាត់ ឲ្យបានរាល់ចំណុចអសកម្មដែលធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ សមាជិក សមាជិកា និង សមាគមទាំងមូល។

ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឲ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងលះបង់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទូទាំងប្រទេស ក្នុងរយៈពេល ១ឆ្នាំ មកនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សម្រេចបានលទ្ធផលជាច្រើន ក្នុងនោះ មានអង្គភាពសារព័ត៌មាន ជាសមាជិក ចំនួន៤៦អង្គភាពមានសមាជិក សមាជិកាសរុបទូទាំងប្រទេសចំនួន ១ ៤៤៦អង្គ/នាក់៕


