ព័ត៌មានជាតិ

មហាឧបដា្ឋនសាលា វត្តសុវណ្ណវតី ស្រុកខ្សាច់កណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កណ្ដាល ៖ នាពេលថ្មីៗនេះ មហាឧបដ្ឋានសាលា ដែលមានបណ្តោយ ៥៥ម៉ែត្រ ទទឹង ៣៥ម៉ែត្រ ក្នុងវត្តសុវណ្ណវតី ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល។

នាឱកាសនោះ លោក ប៊ុន ផេង អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលតែងតែបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាក្នុងខេត្តកណ្តាល ប្រកបដោយសទ្ធាជ្រះថ្លា។ លោកបន្ដថា មហាឧបដា្ឋនសាលា ក្នុងវត្តសុវណ្ណវតីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត បង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ជាសាសនារបស់រដ្ឋ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៍សំខាន់ ក្រោមម្លប់សន្តិភាព ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។

លោកបន្ថែមថា ជោគជ័យទាំងនេះ ផ្តើមចេញពីការ ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា វត្តសុវណ្ណវតី (ហៅវត្តព្រែកតាមាក់) បានចាប់បដិសន្ធិឡើងនៅក្នុងកំឡុងឆ្នាំ១៧៤២ នៅលើដីទួលមួយកន្លែង មានចំងាយពីភូមិដែលអ្នកស្រុករស់នៅ ប្រហែលជា ២០០០ម៉ែត្រ ជាកន្លែងទីស្ងាត់បំផុត តែបច្ចុប្បន្ន វត្តនេះមានការរីកចម្រើន កសាងបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕

To Top