ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និត ទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
នាឱកាសដឹកនាំកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាថ្ងៃ២៧ មីនា សម្ដេច ស ខេង បានថ្លែងថា «សេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា៖ លិខិតស្នាមនានា ត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្ន័យអត្តសញ្ញាណបុគ្គល បណ្តុំទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម»។
សម្ដេចបន្ដថា កន្លងមកទាក់ទងនឹងបទបញ្ញាតិ្ត នៃការចុះបញ្ជីស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ នៅមានភាពរប៉ាត់រប៉ាយ ដែលបង្កការលំបាកក្នុងការទទួលបានព័ត៌មានជាក់លាក់ ច្បាស់លាស់ និងមិនទាន់មានភាពគ្រប់គ្រាន់ ដែលពុំទាន់ឆ្លើយតបទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ន។ ដោយមើលឃើញពីការរីកចម្រើន និងតម្រូវការចាំបាច់នេះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះឡើង។
ក្នុងឱកាសនោះដែរ សម្តេច ស ខេង បានកោតសរសើរចំពោះ ក្រុមការងារអន្តរក្រសួងដែលបានចូលរួមសហការ និងអនុវត្តតាមការណែនាំនានាចាប់តាំងពីដំណើរការ នៃការរៀបចំសេចក្តីព្រាងច្បាប់ដំបូង រហូតដល់បញ្ចប់សេចក្តីព្រាងច្បាប់ដោយជោគជ័យ ដែលបានធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្តល់ធាតុចូលសំខាន់ៗ រហូតសម្រេចបានជារួមសេចក្តីព្រាងច្បាប់នេះមាន១៣ជំពូក និង១៨២មាត្រា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអនុត្រាកូលដ្ឋាន និងអត្តសញ្ញណកម្មនេះ មាន១៣ជំពូក និង១៨២មាត្រា រៀបចំឡើងដើម្បីកំណត់អំពីវិធាន និងនីតិវីធីដែលទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការរៀបចំស្ថិតិអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល និងការរៀបចំ និងការគ្រប់គ្រងបញ្ជីប្រជាជនដើម្បី ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម៕