កំពង់ចាម៖ លោក ឧកញ៉ា ហួត ឈឿន បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី អាណត្តិទី៣ តាមរយៈការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌល ខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង លោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ។
បន្ទាប់ពីប្រកាសលទ្ធផល លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌល ខេត្តកំពង់ចាម-មណ្ឌលគិរី ក្នុងអាណត្តិថ្មីនេះ បានធ្វើការប្រាជ្ញាចិត្តថា « ក្នុងអាណត្តិថ្មីនេះលោកប្រាជ្ញាខិតខំទៀងគរ រកអ្នកវិនិយោគឱ្យមកខេត្តកំពង់ចាម ឲ្យបានផុសផុសបន្ថែមទៀត និងរួមសហការការងារ ជាមួយសមាជិក សមាជិកាក្នុងអង្គភាពឱ្យបានល្អប្រសើរ» ។
អភិបាលរងខេត្តកំពង់ចាម លោក ឡោ ចាន់លី បានថ្លែងអបអរសាទរ នៅលទ្ធផលការបោះឆ្នោតថ្ងៃនេះ ដែលបានរៀបចំធ្វើឡើងរយ:មួយថ្ងៃ ជាពិសេសសូមគាំទ្រ ដល់សកម្មភាពការងាររបស់ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ដែលត្រូវបន្តរែកពន់ការងារជាច្រើន ។ ម្យ៉ាងទៀតត្រូវធ្វើកិច្ចការដើម្បីបង្ហាញ ឆ្លើយតបទៅក្រុមអាជីវករ ដែលពួកគាត់បានចំណាយ ពេលវេលាមកបោះឆ្នោតគាំទ្រ ជ្រើសតាំងប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី នាពេលនេះ ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក បួន សារ:មុនី បានថ្លែងថា លទ្ធផលឆ្នោតនៅថ្ងៃនេះ ប្រធានសភាពាណិជ្ជកម្មមណ្ឌល ខេត្តកំពង់ចាម-មណ្ឌលគិរី ត្រូវដឹងគុណដល់អាជីវករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកបោះឆ្នោតជូន ។
ជាមួយគ្នានោះ លោករដ្ឋលេខាធិការ បានណែនាំឲ្យ លោកឧកញ៉ាប្រធាន ទើបនឹងជាប់ឆ្នោត គួរតែបង្កើត Chanel telegram ចងក្រងរៀបជាក្រុម ជាមួយនឹងសមាជិកសមាជិការ រួមនិងអាជីវករទាំងអស់ ដើម្បីពួកគាត់បានទទួលគ្រប់ព័ត៌មាន នៃសកម្មភាពការងារ របស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ៕