ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ៣៦គ្រួសារនៅស្រុកបាធាយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញនាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៦គ្រួសារ នៅឃុំសំបូរ និងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

បើតាមអភិបាលស្រុកបាធាយ លោក ផេន សុផល ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ លាយខ្យល់យ៉ាងខ្លាំងបណ្តាលឲ្យ ប្រជាពលរដ្ឋរងគ្រោះ៣៦គ្រួសារ ។ក្នុងនោះ នៅឃុំសំបូរ បានរងនូវផលប៉ះពាល់ចំនួន ៤ភូមិ ស្នើនឹង ចំនួន ៣៣ ខ្នង (រលំផ្ទះ ០៧ខ្នង របើកដំបូលផ្ទះ ២៥ខ្នង និងដំបូលសាលា០១ខ្នង) និងនៅភូមិតាពយ រលំផ្ទះ ០៣ខ្នង និងរបើកដំបូលផ្ទះ ០៩ខ្នង និងនៅភូមិបាឡាំង រលំផ្ទះ ០១ខ្នង និងរបើកដំបូលផ្ទះ ០៣ខ្នង នៅភូមិសង្កើប រលំផ្ទះ ០៣ខ្នង របើកដំបូលផ្ទះ១០ខ្នង និងសាលារៀន ០១ខ្នង នៅភូមិវាលរបើកដំបូល ០៣ខ្នង ឃុំតាំងក្រាំង ប៉ះពាល់ ចំនួន ០១ភូមិ របើកដំបូលផ្ទះ ចំនួន ០៣ខ្នង ភូមិជើងឆ្នុក របើកដំបូលផ្ទះ ៣ខ្នង ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់  សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេច លោក តែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្កចំនួន ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១ ។ ដោយឡែក គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ០៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល គ្រួសារដែលរងគ្រោះមធ្យមចំនួន ២៨ គ្រួសារ ក្នុង១គ្រួសារ ថវិកាចំនួន ១០០.០០០រៀល ផងដែរ ៕

To Top