បច្ចេកវិទ្យា

លោក រស់ សីលវ៉ា អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងបទសកម្ពុជា

ភ្នំពេញ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញធ្វើការថ្លែងសុន្ទរកថាបើក ក្នុងសិក្ខាសាលាស្តីពី “តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា” អមជាមួយការថ្លែងសុន្ទរកថារាយការណ៍ដោយ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នៅព្រឹកថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីល្ងាច នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលរៀបចំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។

សិក្ខាសាលានេះ ក៏នឹងមានការចូល រួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន និងនិយ័តករ, គ្រឹះស្ថានអប់រំ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ, សមាគម និងអង្គការអន្តរជាតិពាក់ព័ន្ធនានា។ សិក្ខាសាលានេះរៀបចំ ឡើងក្នុងគោលបំណង (១) កំណត់ និងស្វែងយល់បន្ថែមអំពីការអភិវឌ្ឍ និងផលជះនៃហិរញ្ញវត្ថុ វិមជ្ឈការទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ, (២) កំណត់ និងស្វែងយល់អំពីសមាសភាគ និងយន្តការនៃ ក្របខណ្ឌការពារទិន្នន័យនៃប្រព័ន្ធវិមជ្ឈការ និង (៣) បន្តប្រមូលធាតុចូលបន្ថែមលើហិរញ្ញវត្ថុវិមជ្ឈការ និង ក្របខណ្ឌការពារទិន្នន័យ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

សូមបញ្ជាក់ថា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបាន និងកំពុងរៀបចំសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ កន្លងមក គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានរៀបចំសិក្ខាសាលាចំនួន៤ រួចមកហើយ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់គ្រាន់ក្នុងការធានាភាពមុតស្រួច ភាពងាយបត់បែន និងបរិយាបន្ននៃសេចក្តីព្រាងគោលនយោបាយនេះ។ សិក្ខាសាលាទាំង ៤ រួមមាន៖ (១) សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, (២) សិក្ខាសាលាស្តីពី តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា, (៣) សិក្ខាសាលាស្តីពី តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា និង(៤) វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជានៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២៕

To Top