ព័ត៌មានជាតិ

រដ្ឋបាលស្រុកខ្សាច់កណ្ដាល ណែនាំឲ្យរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ សាធារណៈ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល បានជូនដំណឹងស្ដីពីការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណ្ឌភាព អនាម័យបរិស្ថាន និងការកកស្ទះចរាចរណ៍ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ រដ្ឋបាលស្រុកខ្សាច់កណ្ដាល បានណែនាំដូចជា ៖ ចូលរួមដាក់ទង់ជាតិ និងសម្អាតអនាម័យនៅតាមផ្ទះ ជៀសវាងការចោលសំរាមពាសវាលពាសកាល, ចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រាន និងចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិត ផ្ទាល់ខ្លួន និងអ្នកដទៃ, ចូលរួមលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទនៅតាមទីវត្តអារាម និងនៅតាមទីតាំងដែលអាជ្ញាធរស្រុក។

លើសពីនេះ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាង គ្រោះថ្នាក់ផ្សេងៗ, ហាមដាច់ខាតចំពោះការលេងល្បែងស៊ីសង ការប្រើគ្រឿងផ្ទុះគ្រប់ប្រភេទនៅក្នុងស្រុកខ្សាច់កណ្តាល ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏បានណែនាំដល់អធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរឃុំគ្រប់ឃុំ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមាន ប្រសិទ្ធភាព ព្រម ទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកមិនគោរពតាមខ្លឹមសារណែនាំខាងលើ ដែលបង្ករឱ្យប៉ះពាល់ដល់ ប្រពៃណី សេចក្តី ថ្លៃថ្នូរបស់សង្គម ក៏ដូចជាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

To Top