ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់គណៈកម្មការទន្លេមេគង្គឱ្យរួមគ្នាដោះស្រាយបញ្ហា គ្រាប់មិនទាន់ផ្ទុះក្នុងទន្លេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់គណៈកម្មការទន្លេមេគង្គឱ្យរួមគ្នាដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះ ក្នុងទន្លេមេគង្គ ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតរបស់ប្រជាជន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសង្ខេប នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤ នៅប្រទេសឡាវ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់ ជាយុទ្ធសាស្រ្តនៃទន្លេមេគង្គ ដែលជាប្រភពទ្រទ្រង់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់ប្រកបដោយចីរភាព ព្រមទាំងសម្រាប់សុខមាលភាពនៃប្រជាជនក្នុងបណ្តាប្រទេសមេគង្គ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមប្រទេសមេគង្គ និងជាមួយដៃគូ ក៏ដូចជាយន្តការពាក់ព័ន្ធផ្សេងទៀត មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព និងសម្រេចបាននូវការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ព្រមទាំងដើម្បីធានាថា ទន្លេមេគង្គជាទន្លេដែលមានអនាគតកាន់តែត្រចេះត្រចង់ មានវិបុលភាពរួមគ្នា និងសម្រាប់គ្រប់ប្រទេសតាមដងទន្លេ និងប្រជាជនទាំងអស់ដែលរស់នៅក្នុងអាងទាំងមូល។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីនាំមកនូវជោគជ័យធំៗបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានលើកឡើងនូវគំនិតផ្តួចផ្ដើមថ្មីមួយស្ដីពី ការរួមគ្នាដោះស្រាយគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់ក្នុងទន្លេមេគង្គ ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាម ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតរបស់ប្រជាជនដែលកំពុងរស់នៅតាមដងទន្លេមេគង្គ៕

To Top