ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អំពាវនាវឲ្យពលរដ្ឋ ថែរក្សាសុខភាព អំឡុងពេលអាកាសធាតុ ក្ដៅ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកំដៅខ្លាំង។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា «សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជន ដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង សូមចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកំដៅក្ដៅខ្លាំងមានដូចជា៖ បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកំដៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ចង្អោរ និង/ឬក្អួត វិលមុខ និង/ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម»។

លោក រដ្ឋមន្ដ្រី បន្ដថា ពលរដ្ឋ ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសារទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះតែទុកឱ្យត្រជាក់ (ចៀសវាងប្រើទឹកក្ដៅ) ឬទឹកច្រោះល្អឱ្យបានច្រើន និងញឹកញាប់លើសពី ២លីត្រក្នុងមួយថ្ងៃ បើទោះបីជាអ្នកមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាងការរាករូស និងជំងឺផ្សេងៗ ដោយរក្សាអនាម័យខ្លួនប្រាណស្អាត និងអនាម័យចំណីអាហារល្អផងដែរ។

យោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦ ០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ។ ដូច្នេះកំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។ បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ៕

To Top