ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំឱ្យបង្កើតក្រុមការងារបច្ចេកទេសលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអន្ដរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយថ្លៃ នៃការធ្វើពាណិជ្ជកម្ម។

ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំសម្របសម្រួលបង្កើតក្រុមការងារបច្ចេកទេសអន្ដរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មសំដៅកាត់បន្ថយថ្លៃ នៃការធ្វើពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយ»។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង-ស្ថាប័ន រៀងៗខ្លួន។

សម្ដេចតេជោ ណែនាំឱ្យជំរុញការបណ្តុះបណ្តាលមន្ត្រីក្រោមឱវាទ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនធុរជន វិនិយោគិន និងប្រជាជនទូទៅក៏ដូចជាការរួមចំណែកដល់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល៕

To Top