ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្រ្តចម្បងរបស់កម្ពុជា

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ។

នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក Tassilo Brinzer អគ្គនាយកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក្នុងវេទិកា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣ នាថ្ងៃទី២០ មេសា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលជាការរួមបញ្ចូលគ្នា នៃផែនការមេការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន១៥០ត្រូវបានដាក់បញ្ចូលទៅក្នុង CIT-MP ដែលត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ៣០ពាន់លានដុល្លារ នឹងត្រូវអនុវត្តក្នុងរយៈពេល១០ឆ្នាំខាងមុខ»។

លោកទេសរដ្ឋមន្ត្រីបន្ដថា គម្រោងសិក្សាសមិទ្ធលទ្ធភាព ត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឲ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញក្រសួងសាធារណការ សហការជាមួយក្រសួងសេដ្ឋកិច្ច ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុប្បន្នមានគម្រោងផ្លូវថ្នល់ជាច្រើន បាននិងកំពុងធ្វើឲ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅជាបួនគន្លង ពីផ្លូវក្រាលកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC)៕

To Top