ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យត្រៀមជម្លៀស និស្សិតខ្មែរ៦នាក់ នៅស៊ូដង់ ខណៈសង្គ្រាមកំពុងខ្លាំង

" "

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យទេសរដ្ឋមន្រ្ដីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានមូល និធិអភិវឌ្ឍន៍មុស្លីមកម្ពុជា លោក អូស្មាន ហាសាន់ តាមដានពីស្ថានភាព និងត្រៀមជម្លៀសនិស្សិតខ្មែរ-ឥស្លាម ចំនួន ៦នាក់ កំពុងស្នាក់នៅប្រទេសស៊ូដង់ខាងត្បូង ព្រោះប្រទេសនេះសង្គ្រាមកំពុងកើតឡើងខ្លាំង។

ថ្លែងចេញពីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី នាថ្ងៃ២៤ មេសា សម្ដេចតេជោបានបង្ហាញ អារម្មណ៍ចង់ឲ្យជម្លៀលនិស្សិតខ្មែរ-ឥស្លាម ជាមួយប្រជាជនម៉ាឡេស៊ី ព្រោះរដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីស៊ូដង់ផងដែរ។

" "

សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំ ទើបទទួលបានព័ត៌មានថា ប្រទេសស៊ូដង់ មានបងប្អូនខ្មែរ-ឥស្លាម របស់យើងជានិស្សិត មានរហូតដល់៦នាក់ ដែលកំពុងស្ថិតនៅទីនោះ ហើយកំពុងឲ្យឯកឧត្តម អូស្មាន ហាសាន់ តាមដានកិច្ចការងារនេះឲ្យជាប់ នៅពេលប្រទេសម៉ាឡេស៊ី អាចនឹងជម្លៀសប្រជាជនតាមយន្ដហោះ ឬតាមនាវា គឺសុំអាចចេញដំណើរជាមួយគ្នា ការប្រយុទ្ធគ្នានៅប្រទេសនេះកំពុងតែខ្លាំង»។

" "

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា សម្រាប់កម្ពុជា គ្មានការប្រយុទ្ធណាមួយកើតឡើងនោះទេ ហើយកម្ពុជាអាចប្រារព្ធពិធីបុណ្យទាន និងបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយ ដោយសារតែប្រទេសមានសុខសន្តិភាព គ្មានភ្លើងសង្គ្រាម។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ឲ្យដឹងថា ក្រុមបុគ្គលិកទូត និងក្រុមពលរដ្ឋជនជាតិបរទេស ដូចជាអង់គ្លេស អាមេរិក បារាំង និងចិន ជាដើមផងនោះ បាននាំគ្នាចាកចេញពីស៊ូដង់ហើយ តាមផ្លូវអាកាស ក្រោយពេលដែលការវាយប្រហារគ្នា នៅក្នុងប្រទេស បានចាប់ផ្តើមផ្ទុះឡើងសាជាថ្មី ។ គួរឲ្យដឹងដែរថា ជម្លោះដោយយោធាបានផ្ទុះឡើងសាជាថ្មីចូលដល់សប្តាហ៍ទី២មកហើយ រវាងភាគីរដ្ឋាភិបាល និងក្រុមកងកម្លាំងសកម្មប្រយុទ្ធ ប៉ុន្តែបានផ្អាកឈប់បាញ់គ្នា៣ថ្ងៃមុន ពេលចាប់ផ្តើមវិញ កាលពីថ្ងៃ២២ មេសា ៕

To Top