ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ជឿជាក់ថា សិក្ខាកាមនគរបាលកម្ពុជាកំពុងសិក្សានៅវៀតណាម នឹងប្រឹងប្រែងរៀនសូត្រយកចំណេះដឹងមកបម្រើប្រទេសជាតិ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថា សិក្ខាកាមនគរបាលកម្ពុជា កំពុងសិក្សានៅវៀតណាមនាឱកាសនេះ នឹងប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ។

ក្នុងពិធីជួបសំណេះសំណាលថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជាចំនួន ២៤១នាក់ កំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដែលមិនមែនសម្រាប់តែក្របខណ្ឌមន្រ្តីនគរបាលជាតិទេ ប៉ុន្តែមន្រ្តីអនុរក្សពន្ធនាគារ និងមន្រ្តីរាជការស៊ីវិលក៏បានធ្វើឡើងដូចគ្នាដែរ ជាក់ស្ដែងក្រសួងបានដាក់ឱ្យដំណើរការសាលាជាតិរដ្ឋបាលមូលដ្ឋាន។
សម្ដេច សង្ឃឹមជឿជាក់ថា «សិក្ខាកាមនគរបាលកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមនាឱកាសនេះ នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ»។

សម្ដេច ក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យសិក្ខាកាមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ប្រពៃណី ទំនៀមទំលាប់ នៃប្រទេសដែលខ្លួនស្នាក់នៅសិក្សារៀនសូត្រ និងត្រូវមានស្មារតីស្រលាញ់រាប់អាន ចេះជួយយកអាសារគ្នាទៅវិញទៅមកជាមួយសិក្ខាកាម និងជនជាតិដ៏ទៃទៀត រាប់ទាំងជនជាតិនៃប្រទេសដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីមហាផ្ទៃ បានលើកឡើងអំពីបញ្ហាប្រឈមជាសាកលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដោយសារភាពស្មុគស្មាញ នៃបទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសបទល្មើសមិនប្រពៃណីដែលមានការប្រែប្រួល និងកើតឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ៕

To Top