ព័ត៌មានជាតិ

នាវាទេសចរណ៍អន្តរជាតិ ខ្នាតយក្ស ដឹកភ្ញៀវចម្រុះជាតិសាសន៍ ជាង៣០០នាក់ ទស្សនាកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Europa 2 សញ្ជាតិ Malta ដែលមានប្រវែងបណ្តោយ ២២៥,៣៨ ម៉ែត្រ ប្រវែងទទឹង ២៩,៩០ ម៉ែត្រ ជម្រៅ -៦,៣០ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១​ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។

យោងតាម កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦៧ នាក់ (ស្រី ៨៨ នាក់) មាន ២៤សញ្ជាតិ​ និងមានភ្ញៀវទេសចរសរុបចំនួន៣៤៣​នាក់ (ស្រី ១៧៤ នាក់)​ មាន ១៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (២៩៣ នាក់) និងស្វីស (១៨​នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១០ យប់ នាថ្ងៃខែឆ្នាំដដែល៕

To Top