ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងបង្កើតនិន្នាការ សង្គមមួយ ដែលទទួលស្គាល់ សក្តានុពល និងអានុភាពស្ត្រី នៅគ្រប់វិស័យ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែង ពីគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បាននិងកំពុងបង្កើតនិន្នាការ សង្គមមួយដែលទទួលស្គាល់សក្តានុពល និងអានុភាពស្ត្រីនៅគ្រប់វិស័យ ។

តាមរយៈសារលិខិត អបអរសាទរទិវាកម្មសិទ្ធិបញ្ញា ពិភពលោក ឆ្នាំ២០២៣ សម្ដេចតេជោមានប្រសាសន៍ថា មូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣នេះ មិនត្រឹមតែបានបំផុសស្មារតីឲ្យ គ្រប់ទាំងអស់ចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ តាមរយៈការជំរុញលើកទឹកចិត្តក្នុងការកសាងកេរ្តិ៍ឈ្មោះម៉ាក ការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលប៉ុណ្ណោះទេ ប៉ុន្តែ មូលបទខាងលើមានសារៈសំខាន់ក្នុងការលើកស្ទួយស្រ្តីឲ្យចូលរួមប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីពង្រីកសក្តានុពល របស់ខ្លួនតាមរយៈការប្រើប្រាស់ចំណេះដឹង គំនិតច្នៃប្រតិដ្ឋ និងជំនាញ ក្នុងការបង្កើតម៉ាក និងផលិតផល ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងការអភិវឌ្ឍអាជីវកម្ម ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ឲ្យកាន់តែរីកចម្រើនប្រកបដោយ បរិយាបន្ន និងមាននិរន្តរភាព ដែលនាំមកនូវវិបុលភាពជូនជនរួមជាតិទាំងមូល។

សម្ដេចតេជោបន្តថា ដោយផ្អែកលើកត្តាប្រជាសាស្ត្រប្រទេសកម្ពុជាមានស្រ្តី ចំនួន ៥១,៥ ភាគរយ នៃចំនួនប្រជាជនសរុប ហើយលទ្ធផលបឋមនៃជំរឿនអង្គភាពសេដ្ឋកិច្ចបង្ហាញថា ស្ត្រីចំនួន ៦១,៧ ភាគរយ ស្មើនឹង ១ ៨៤១ ៣៧៣នាក់ បានចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ច ជាពិសេស ស្ត្រីប្រមាណ ជា ៦១ភាគរយ ជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ ប្រការនេះបង្ហាញថាការចូលរួមរបស់ស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែខ្លាំងក្លា ស្របនឹងពាក្យស្លោករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុក ស្ត្រីជាដៃគូអភិវឌ្ឍន៍ជាតិមិនអាចខ្វះបាន និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គមជាតិ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការកំណត់យកមូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ “ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” នាពេលនេះពិតជាមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការរួមចំណែកជំរុញស្ត្រីក្នុងគ្រប់វិស័យឲ្យយល់ដឹងពីកម្មសិទ្ធិបញ្ញា ទាំងក្នុងក្របខ័ណ្ឌ ជាតិនិងអន្តរជាតិ ព្រមទាំងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីពង្រឹងភាពប្រកួតប្រជែងធុរកិច្ច តាមរយៈការ ផ្តល់អាជ្ញាបណ្ណចំពោះ ម៉ាក សិទ្ធិនិពន្ធ និងការផ្ទេរបច្ចេកវិទ្យាដែលជាការលើកទឹកចិត្តស្រ្តីប្រើប្រាស់ភាពច្នៃប្រតិដ្ឋរបស់ខ្លួននៅក្នុងការបង្កើតថ្មីដើម្បីបំពេញតម្រូវការរបស់សង្គម។

សម្ដេចថា សម្រាប់ទិដ្ឋភាពដាច់ដោយឡែកចំពោះការជួយស្រ្តីឲ្យមានភាពប្រកួតប្រជែង សម្ដេចជឿជាក់យ៉ាងមុតមាំថា ស្ថាប័នពាក់ព័ន្ធនឹងដាក់បញ្ចូលកម្មវិធីលើកកម្ពស់ ចំណេះដឹងកម្មសិទ្ធិបញ្ញា ព្រមគ្នាជាមួយនឹងការបណ្តុះបណ្តាលជំនាញ ដើម្បីជំរុញស្រ្តីទាញយកប្រយោជន៍ ជាអតិបរមាពីគំនិតនិងបញ្ញារបស់ខ្លួន ក្នុងការបង្កើនការច្នៃប្រតិដ្ឋប្រកបដោយនវានុវត្តភាព ៕

To Top