ព័ត៌មានជាតិ

សម្ដេចតេជោ៖ ក្នុងបណ្ដាប្រទេសអាស៊ាន មិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងថា ក្នុងបណ្ដាប្រទេសអាស៊ាន មិនព្រួយបារម្ភអំពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួន ជាប្រទេសផលិតស្រូវ។

នាឱកាសអនុញ្ញាតឲ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៩ មេសា សម្ដេចតេជោ បានផ្ដល់យោបល់ឲ្យយកចិត្តទុកដាក់ ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវយកទុកដាក់លើអ្វីដែលមានហើយ ដូចជា កិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និងសមាជិកអាស៊ាននីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។

សម្ដេចតេជោ បានរំលេចផងដែរថា «នៅក្នុងបណ្ដាប្រទេសអាស៊ានយើងនេះ យើងមិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ាន មួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយចំនួនទៀត គឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះយើងអាចបំពេញឲ្យគ្នាទៅវិញទៅមក ហើយត្រូវធ្វើខិតខំធ្វើ សមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា»។

សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ឲ្យ វិទ្យាស្ថាន KSI និង AVI របស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញទំនាក់ទំនងរកទីផ្សារនៅក្នុង តំបន់ជាពិសេសរវាងអាស៊ាន និងចិន។

ជាការឆ្លើយតប លោក Tan Sri Michael Yeoh បានថ្លែងអំណរគុណចំពោះ សម្តេចតេជោបានផ្ដល់ជាអនុសាសន៍ លើការទំនាក់ទំនងរវាង អាស៊ាន និងចិន និងបានកោតសរសើរនូវរចនាបទ និងការសំបូរណ៍បែបនៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌរបស់កម្ពុជា ដោយថែរក្សាបានយ៉ាងល្អ ៕

To Top