ព័ត៌មានជាតិ

យន្តហោះជម្លៀស ប្រជាជនរបស់តួកគី C-130 រងការបាញ់ប្រហារ ពេលនៅលើអាកាស ក្នុងប្រទេស ស៊ូដង់

បរទេស៖ យន្តហោះរបស់ប្រទេសតួកគី ដែលប៉ុនប៉ងជម្លៀសពលរដ្ឋ ចេញពីរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ ត្រូវបានគេបាញ់ប្រហារកាលពីថ្ងៃសុក្រ ចំពេលមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ នៅក្នុងរដ្ឋធានីនេះ បើទោះបីជាមានការពន្យារពេល បទឈប់បាញ់រយៈពេល ៧២ ម៉ោង ដើម្បីអនុញ្ញាតឱ្យចូល ប្រើប្រាស់មនុស្សធម៌ក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិតួកគីបាននិយាយថា “អាវុធធុនស្រាលត្រូវបានប្រើដើម្បីបាញ់” ទៅលើយន្តហោះជម្លៀស C-130 ដែលត្រូវបានបញ្ជូនទៅមូលដ្ឋានទ័ពអាកាស Wadi Sayidna ដើម្បីជម្លៀសប្រជាជន។ ក្រសួងបានបន្ថែមថា យន្តហោះបានចុះចតដោយសុវត្ថិភាព ដោយមិនមានក្រុមនាវិករងរបួសនោះទេ ប៉ុន្តែទាមទារការជួសជុល។

ក្រុមប្រដាប់អាវុធ របស់កងកម្លាំងគាំទ្ររហ័ស (RSF) បានបដិសេធការចោទប្រកាន់ ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ថា ខ្លួនបានធ្វើការវាយប្រហារ ដោយបានច្រានចោលការអះអាងនេះថា មិនគាំទ្រដោយ “ភស្តុតាងជាក់ស្តែង” ណាមួយឡើយ។

RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងរបស់យើងនៅតែប្តេជ្ញាយ៉ាងតឹងរ៉ឹង ចំពោះបទឈប់បាញ់មនុស្សធម៌ ដែលយើងបានព្រមព្រៀងគ្នា តាំងពីពាក់កណ្តាលអធ្រាត្រ ហើយក៏វាមិនពិតនោះដែរ ដែលថាយើងបានកំណត់គោលដៅលើយន្តហោះ ណាមួយនៅលើអាកាសលើមូលដ្ឋានទ័ពអាកាស Wadi Sayidna ក្នុងទីក្រុង Omdurman” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top