ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិ សន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
លោកបណ្ឌិត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗ ជាច្រើននៅក្នុងទីអារាម ដ៏ចំណាស់ ដែលមានអាយុកាលប្រមាណជាង ២ សតវត្សរ៍នេះ ដែលកើតឡើងនៅក្រោមវប្បធម៌ នៃការចែករំលែកពីសំណាក់ពុទ្ធបរិស័ទ្ទជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងបរិយាកាសអំណោយផល នៃសុខសន្តិភាព ដែលបង្កលក្ខណៈដល់ការរួបរួមក្នុងធ្លុងសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី និងសាសនា ដែលបុព្វបុរសយើងបន្សល់ទុកឱ្យ។
លោក ម៉ាណែត រំលេចថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញ ដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីក សក្តានុពលរបស់ខ្លួន ឆ្ពោះទៅរកវឌ្ឍនភា ពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ដូច្នេះ សូមចូលរួមថែរក្សាឱ្យបាននូវ សុខសន្តិភាពដែលកំពុង មាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់ អាចត្រលប់មកវិញសាជាថ្មីឱ្យសោះ នៅលើទឹកដីដ៏ពិសិដ្ឋរបស់យើង។
លោក ម៉ាណែត បន្តថា សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណង អាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធសេរីភាព ក្នុងការគោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរ ការសម្ពោធឆ្លងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ នាពេលនេះ។
លោកបណ្ឌិ បន្តថា តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គម លើកទី១២ ក្នុងឆ្នាំ២០២៣ នេះ, គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ ហើយជាពិសេស គឺការផ្សព្វផ្សាយអំពីការ ប្រែមុខ មាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេសដែល ធ្លាប់ត្រូវបាន ញាំញី ដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិ មកពីគ្រប់ទិសទី ទាំងក្នុងតំបន់ និងសាកលលោក៕