ភ្នំពេញ៖ សម្រាប់នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដែលនឹងរៀបចំ បិទព្រឹត្តិការណ៍ស៊ីហ្គេម អមទៅដោយផ្ទាំងទស្សនីយភាព សំខាន់ៗជាច្រើនទៀតដែល មិនខុសពីថ្ងៃបើកឡើយ ។ ខណៈកម្ពុជាជាម្ចាស់ផ្ទះបិទបញ្ចប់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ក្រុមកីឡាករកម្ពុជាក៏ធ្វើបានល្អ ដោយទទួលបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះ មេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអបអរសាទរ ពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២ នៅកម្ពុជា។

សម្ដេចតេជោ គូសបញ្ជាក់ថា «នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាពសំខាន់ៗ ជាច្រើនទៀតដែលបង្ហាញនៅពហុកីឡាដ្ឋាន ជាតិមរតកតេជោនាល្ងាចនេះ»។
សម្ដេចតេជោ ក៏បានអបអរសាទរអត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចំនួន២៨២គ្រឿង ៕
