ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងផ្ទេរមុខងារវិស័យអប់រំមួយចំនួន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២៤ តទៅ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាល នឹងផ្ទេរមុខងារក្នុងវិស័យអប់រំមួយចំនួន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីជោគជ័យក្នុងការអនុវត្តសាកល្បងនាពេលកន្លងមក។

នាឱកាសអញ្ជើញទទួលជួប លោក SANUI Kazumasa ប្រធានតំណាង នៃអង្គការ JICA ថ្មី ប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះ JICA បានផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមរយៈគម្រោងផ្សេងៗ ដូចជា៖ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការជួយគាំទ្ររបស់ JICA ដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេច បន្ដថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះ រដ្ឋាភិបាលមានការឯកភាពគ្នាផ្ទៃក្នុងរឹងមាំក្នុងការគាំទ្រដល់ដំណើរការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេច គូសបញ្ជាក់ថា «ការផ្ទេរមុខងារទៅក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដែលទទួលបានលទ្ធផលល្អប្រសើរ និងបន្តថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមដំណើរការផ្ទេរមុខងារ ក្នុងវិស័យអប់រំមួយចំនួនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីជោគជ័យក្នុងការអនុវត្តនូវគម្រោងសាកល្បងនារយៈពេលកន្លងមក»។

សម្តេច ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា JICA នឹងបន្តជួយគាំទ្រដល់ការងារសិក្សា ក៏ដូចជា ការគាំទ្រផ្សេងទៀតដល់គម្រោង ឬកម្មវិធីពាក់ព័ន្ធទៅដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការងារសុវត្ថិភាពផ្លូវថ្នល់ ដើម្បីជំរុញកិច្ចការទាំងនេះឱ្យទទួលបាននូវវឌ្ឍនភាពស្របតាមគោលដៅ ក៏ដូចជាផែនការដែលបានគ្រោងទុក។

ជាការឆ្លើយតបលោក SANUI Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា បានលើកឡើងថា ដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះ JICA ក៏បានបញ្ជូនអ្នកប្រឹក្សាយោបល់គោលនយោបាយមកជួយគាំទ្រដល់ក្រសួងមហាផ្ទៃទៅលើការងារពាក់ព័ន្ធ នៅក្នុងក្របខ័ណ្ឌ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ៕

To Top