ព័ត៌មានជាតិ

ជប៉ុន ផ្ដល់៦៣ម៉ឺនដុល្លារ សម្រាប់លុបបំបាត់ អំពើហិង្សាលើកុមារ តាមសាលារៀន

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន ក្នុងខេត្តកំពង់ចាម។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៩ ឧសភា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា «រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារអាមេរិក សម្រាប់គម្រោង ដែលអនុវត្តដោយអង្គការ Save the Children Japan (SCJ)។ នៅក្នុងឆ្នាំទី២ នៃគម្រោងនេះ ដោយបន្តសកម្មភាព ពីឆ្នាំទី១ មកអង្គការ មានគោលបំណងលុបបំបាត់ អំពើហិង្សា លើកុមារ ដូចជាការដាក់ទណ្ឌកម្មលើរាងកាយ ការធ្វើបាប និងការប្រើប្រាស់ភាសា រំលោភបំពាន នៅក្នុងសាលារៀនរដ្ឋចំនួន៤៣ នៅក្នុងខេត្តកំពង់ចាម»។

លោកបន្ដថា ដើម្បីរក្សាបានមុខងារប្រកប ដោយប្រសិទ្ធភាព នៃប្រព័ន្ធការពារកុមាររួមទាំងយន្តការ សម្រាប់ការរាយការណ៍នៅតាមសាលារៀន និងតំបន់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំទី១ នៃគម្រោង អង្គការនឹងអនុវត្តសកម្មភាព លើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការបង្កើតប្រព័ន្ធ និងការតស៊ូមតិផ្នែក គោលនយោបាយ ដោយមានការសហការពីភាគីពាក់ព័ន្ធ ក្នុងសាលារៀនរួមមាន ៖ កុមារ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត ។

តាមរយៈគម្រោងនេះ លោកទូត សង្ឃឹមថា កុមារនៅកម្ពុជានឹងអាចសិក្សាក្នុងបរិស្ថាន គ្មានអំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាង មុនដែលនឹងនាំឲ្យមានភាពប្រសើរឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ។

សូមរំលឹកថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់ជំនួយឥតសំណង ដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រគម្រោង អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ដែលត្រូវបានអនុវត្តក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបាន ផ្តល់ជំនួយជាង១៤០គម្រោងនៅកម្ពុជា តាមរយៈកម្មវិធីនេះ។ គម្រោងទាំងនេះ បានចូលរួមចំណែក ដោយផ្ទាល់ក្នុងការកែលម្អ គុណភាពជីវិតរបស់ប្រជាជនកម្ពុជា ៕

To Top