ព័ត៌មានជាតិ

លោក ទុំ ប៊ុនថន អតីតសកម្មជន នៃអតីតគណបក្ស សង្រ្គោះជាតិ ត្រូវបានដោះលែងហើយ

ភ្នំពេញ ៖ ក្រោយពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ លោកទុំ ប៊ុនថន ជាអតីតសមាជិកក្រុមប្រឹក្សា សង្កាត់ផ្សារដេប៉ូទី២ កាលពីរាត្រីថ្ងៃ១ មិថុនារួចមក នៅរសៀលថ្ងៃទី២ មិថុនា នេះ លោកត្រូវបានមន្រ្តីពន្ធនាគារសម្រេចដោះលែង ឲ្យមានសេរីភាពវិញហើយពីម៣ ក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ នេះបើតាមហ្វេសប៊ុករបស់លោក យឹម ស៊ីណន ចេញផ្សាយនាមុននេះបន្តិច ។

លោក ទុំ ប៊ុនថន រួមទាំងលោក អ៊ូ ច័ន្ទឬទ្ធិ ជាមនុស្សស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី នារាត្រីថ្ងៃ១ មិថុនា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្តលេខាលើកលែងទោស ។

សាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនលោក ទុំ ប៊ុនថន ក្នុងពន្ធនាគារព្រៃ កាលពីចុងឆ្នាំ២០២០ ។ លោកត្រូវបានតុលាការ ចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការផ្ញើសារ តាមលោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋ ផ្អាកសងបំណុលធនាគារ បណ្ដោះអាសន្នរហូត ដល់ស្ថានភាពជំងឺកូវីដធូរស្រាល និងមានជីវភាពល្អប្រសើរឡើងវិញ ចាំសងធនាគារ។

ចំណែក លោក អ៊ូ ច័ន្ទឬទ្ធិធ្លាប់ជាមនុស្សស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ថាមិនទៅណាចោលលោកប្រធានខ្លួននោះ ស្រាប់តែនៅថ្ងៃទី៣១ ឧសភា ដែលគេគ្រប់គ្នាដឹងថា លោកជាបងប្អូនបង្កើត របស់លោក អ៊ូ ច័ន្ទរ័ត្ន និងលោក អ៊ូ វីរៈ បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ី ហើយថែមទាំងស្នើសុំកិច្ច អន្តរាគមន៍ពីនាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីឲ្យមានការលើកលែងទោសដល់រូបលោកផងដែរ ។
ការប្រកាសផ្តាច់ខ្លួននេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្លាប់គាំទ្រ ត្រូវបានលោកអះអាងថា ដោយសារអស់ជំនឿលើលោក សម រង្ស៊ីចំពោះគោលនយោបាយបរទេស និយមដែលមិនអាចឈាន ទៅរកការបង្រួបបង្រួមនិងផ្សះផ្សារជាតិបាន ។ នេះបើតាមលិខិតមួយច្បាប់ក្នុងកម្រាសមួយទំព័រផ្ញើទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានារសៀលថ្ងៃ៣១ ឧសភា ។

ក្រៅពីការផ្តាច់ខ្លួនជាមួយលោក សម រង្ស៊ី ដែលសម្តេចបានដាក់ងារឲ្យថា ជាជនក្បត់ជាតិ៣ជំនាន់ លោក អ៊ូ ច័ន្ទឬទ្ធិ ក៏បានស្នើសម្តេចតេជោ ជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ ដើម្បីឲ្យមានសេរីភាពវិលត្រឡប់មកកម្ពុជាវិញ។

សូមរំលឹកឡើងវិញបន្តិច លោក អ៊ូ ច័ន្ទឬទ្ធិ ជាអតីតមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និង ជាតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តកណ្តាល ដែលមាន បងប្អូនប្រុសបង្កើត៣នាក់ រួមទាំងរូបនេះដែលសុទ្ធសឹង ជាអ្នកនយោបាយដូចគ្នា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន ក្រោយពីអតីតគណបក្សប្រឆាំងនេះ ត្រូវបានរំលាយចោលកាលពីអំឡុងឆ្នាំ២០១៧ ៕

To Top