ព័ត៌មានជាតិ

សម្ដេចតេជោ៖ ល្ងាចនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា នាល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅសៀមរាប និងពីសៀមរាប ទៅប៉ោយប៉ែត នឹងចុះហត្ថលេខា ដើម្បីការសិក្សាសាងសង់។

នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាថ្ងៃ៧ មិថុនា សម្ដេចតេជោ បានលើកឡើងថា បន្ទាប់ការបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ថ្ងៃនេះរួចហើយ ក្រសួងសេដ្ឋកិច្ចនឹងចុះហត្ថលេខាលើ គម្រោងផ្លូវល្បឿនលឿន ចាប់ពីភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែតផងដែរ។

សម្ដេចតេជោបញ្ជាក់ថា «យើងនឹងចាប់ផ្ដើមចុះហត្ថលេខានៅម៉ោង ២រសៀលនេះ អំពីការសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ ទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត ហើយល្បឿនលឿននេះ វានឹងកើតមុនពេលខ្ញុំស្លាប់។ ទោះបីខ្ញុំ មិនធ្វើនាយករដ្ឋមន្ដ្រីបន្ដ ក៏ប៉ុន្ដែ ខ្ញុំមានឱកាសដើម្បី នឹងមើលកូនចៅគណបក្សប្រជាជន គេដឹកនាំយ៉ាងម៉េច? ហើយយើងគាំទ្រ លើកទឹកចិត្តឲ្យគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ»។

សូមបញ្ជាក់ថា សម្រាប់គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នៅមិនទាន់បញ្ជាក់ប្រវែងសរុប និងចំនួនទឹកប្រាក់សម្រាប់ ការសាងសង់នៅឡើយនោះទេ។ ប៉ុន្ដែគម្រោងផ្លូវនេះ អាចនឹងមានប្រវែង វែងជាងគម្រោងផ្លូវទី១ និងផ្លូវទី២ ហើយចំពោះថវិកាក៏នឹងអាចចំណាយច្រើនជាងផងដែរ។ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងផ្លូវទី៣ហើយនៅកម្ពុជា បន្ទាប់ពីគម្រោងផ្លូវទី១ ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់លើទុនវិនិយោគជាង ២ពាន់លានដុល្លារ និងបានដាក់ឲ្យដំណើរការ កាលពីចុងឆ្នាំ២០២២កន្លងទៅ និងគម្រោងផ្លូវទី២ ភ្នំពេញ-បាវិត ទុនវិនិយោគប្រមាណជា ១ពាន់៧រយលានដុល្លារ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ៕

To Top