ព័ត៌មានជាតិ

ប្រគល់ផ្ទះមនុស្សធម៌ទី ១៤ ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ នៅ ឃុំត្រប់  ស្រុកបាធាយ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម និងសហការី រួមជាមួយព្រះសង្ឃ នាព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ បាននិមន្ត និងអញ្ជើញ ប្រគល់ផ្ទះមនុស្សធម៏ទី១៤ ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ  ឈ្មោះ យ៉េង យាន់  អាយុ ៤៨ឆ្នាំ រស់នៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានរំលឹកថា ឈ្មោះ យ៉េង យាន់ ជាបុរសពោះម៉ាយ មានកូនស្រីប្រុស ក្នុងបន្ទុក ២នាក់ ។ កូនស្រីច្បង កំពុងរៀនថ្នាក់ទី ៦ ហើយកូនប្រុសទី ២ នៅក្នុងបន្ទុក ។

លោក ទូច ឆៃ បន្តថា ឈ្មោះ យ៉េន យាន់ ពុំមានទ្រព្យសម្បត្តិអ្វីជាដុំកំភួនទេ ហើយ មានជម្ងឺកៀបសរសៃថែមទៀត ត្រូវបង្ខំចិត្តដើរធ្វើសំណង់ ផង និងស៊ីឈ្នួល តាមរដូវកាលផង គ្រាន់បានកម្រៃចិញ្ចឹមកូន ។ សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ ប័ណ្ណសមធម៌ ក្រ១ ហើយគ្រួសារនេះ ពុំមានផ្ទះផ្ទាល់ខ្លួនទេ តែបានបងប្អូន អ្នកជិតខាង ឲ្យស្នាក់សុំចតក្រោមផ្ទះ ជាទីជម្រក ។ យ៉ាងណាក្តី សាមីខ្លួន មានដីមរតក (ពីមុនជាថ្នាលសំណាប) ជាកម្មសិទ្ធិ មួយកន្លែង ទំហំ ៦ម × ៨ម  ប៉ុន្តែ ដោយសារជីវភាពក្រខ្សត់ពេក ទើបពុំមានលទ្ធភាព សង់ផ្ទះស្នាក់នៅបាន ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើប លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកបាធាយ និងសប្បុរសជន ជូនគ្រួសារក្រីក្រនោះ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។

ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀលផងដែរ ៕

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ២១នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត    ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ  ។

To Top