ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ផ្សព្វផ្សាយគោលការណ៍ ឥណទាន គាំទ្រដល់គម្រោងខ្សែ ច្រវាក់ផលិតកម្មស្វាយចន្ទី

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃ៨ មិថុនា នេះ ក្រៅពីបានអញ្ជើញ ចុះសាកសួរសុខទុក្ខ ប្រជាសហគមម៍កសិកម្ម អូរខ្លែងព័រមានជ័យ ដែលជាបណ្តុំក្រុមអ្នកផលិត ស្វាយចន្ទី ដំឡូងមី និងទទួលសេវាកម្មបោកស្រូវ បោកសណ្តែក ដល់ទីកន្លែង និងកែច្នៃគ្រប់ស្វាយចន្ទី នៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហាររួចមក លោកក៏បានផ្សព្វផ្សាយ គោលការណ៍ឥណទាន គាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទីនិងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី រវាងក្រុមហ៊ុនសានតាណាអាហ្គ្រោប្រដាក់ (SANTANA) និងសហគមន៍កសិកម្ម អូរខ្លែងព័រមានជ័យផងដែរ ។

ក្នុងឱកាសជួបជុំនេះ លោកបណ្ឌិតមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និង ចង់ប្រែក្លាយកម្ពុជា ទៅជាអធិរាជ គ្រប់ស្វាយចន្ទី នាពេលអនាគត ។ ជាមួយគ្នានេះដែរ ក្នុងករណី សហគមន៍ ឬសមាជិក សហគមន៍ណាម្នាក់ចង់បាន ឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី អាចស្នើសុំឥណទានពីធនាគារARDB ដោយក្នុងអត្រាការប្រាក់សមរម្យដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាល និងថែទាំជាដើម។

លោកបណ្ឌិត បានថ្លែងបញ្ជាក់ថា ចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូរ របស់រាជរដ្ឋាភិបាល ចំពោះប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកវិស័យកសិកម្ម។

បន្ថែមពីនេះលោកបណ្ឌិត ក៏បានណែនាំអំពីវត្តមាន របស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ដែលនឹងចូលរួមជួយគាំទ្រ ខាងបច្ចេកទេសដាំដុះ និងទទួលទិញកសិផលស្វាយចន្ទី ពីសហគមន៍ផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត បានលើកទឹកចិត្តដល់ឲ្យកសិករអាចគិតគូរស្នើសុំឥណទានពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទី ស្ងួតមកដាក់ធ្វើជាទ្រព្យធានាបំណុលបាន នៅពេលដែលទីផ្សារមានការធ្លាក់ចុះតម្លៃខ្លាំង ដែលធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០% នៃតម្លៃគ្រាប់ស្វាយចន្ទី ក្នុងឃ្លាំងស្តុក ។

ចុងបញ្ចប់លោកបណ្ឌិត បានសំណូមពរឲ្យសមាជិកសហមន៍ គួរសិក្សាពីបច្ចេកទេសច្បាស់លាស់ លើដាំដុះ ការថែទាំដើម្បីបង្កើនការផលិត និងការកែច្នៃឲ្យស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ ។

លោកបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខាន ៕

To Top