ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យភាគីពាក់ព័ន្ធពិភាក្សាគ្នា ដើម្បីឈានដល់ការលើកលែង ការចោទប្រកាន់ ស ឡុងដេត (Video)

ភ្នំពេញ ៖ ដោយសារដឹងពីកំហុសឆ្គង របស់ខ្លួនក្នុងការសុំទោសជាសាធារណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយ ដើមបណ្តឹងនិងតុលាការ ដើម្បីឈានទៅដល់ការលើកលែង ការចោទប្រកាន់ដល់លោក ស សាឡុងដេត ។

តាមបណ្តាញតេឡេក្រាមចេញមុននេះបន្តិច របស់សម្តេចតេជោ បានឲ្យដឹងថា “ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោស ដូចមានក្នុងវីដេអូនេះ ។ ដោយសាម៉ីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ ខ្ញុំស្នើសុំដល់ក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះ តាមវិធីដែលអាចធ្វើទៅបានដូចជាការដក ពាក្យបណ្តឹងឬលើកលែងការចោទប្រកាន់ “។

នៅព្រឹកថ្ងៃ១៣ មិថុនា សម្តេចបានបញ្ជាឲ្យ ស សាឡុងដេត ត្រឡប់មកផ្ទះនៅខណ្ឌសែនសុខវិញមក ក្រោយបានរត់គេចខ្លួនប្រុងចូលប្រទេសថៃ កាលពីយប់ថ្ងៃ១២ មិថុនា ដោយសារពាក្យសំដីខ្លួននិយាយ ប៉ះពាល់ដល់ព្រឹត្តិការណ៍ស៊ីហ្គេម ។

លោក ស សាឡុងដេត ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម អាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(គ.ជ.ប.អ) ដាក់ពាក្យប្តឹង ដោយសារ បុគ្គលនេះ បានចោទប្រកាន់ថា មានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ បានចូលរួមទស្សនាស៊ីហ្គេម និងថាគ្មានបានបង្ហាញ ពីវប្បធម៌ខ្មែរ ។

សូមបញ្ជាក់ថា ស ឡុងដេត ជាមន្រ្តីគណបក្សភ្លើងទៀន មានទីលំនៅខណ្ឌសែនសុខ បាននិយាយ ជាសាធារណៈក្នុងកិច្ចប្រជុំ របស់ក្រុមគេនៅខណ្ឌឬស្ស៊ីកែវថា “ស៊ីហ្គេម រៀបចំដោយ គ.ជ.ប.អ ទាំង មូលមិនដែលបានបង្ហាញពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ជាតិខ្មែរទេ និងមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល និងអ្វីៗជារឿងក្លែងក្លាយទាំងអស់”៕

To Top