ព័ត៌មានជាតិ

ក្រសួងសាធារណការឧបត្ថម្ភ​ថវិកា ៨០០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកម្មពិធីបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ចំនួន ៨០០លានរៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពី វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ, លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផង។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា លេខពិសេសផ្ទាល់ខ្លួន ដែលជាសេវាសាធារណៈថ្មីមួយ ស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ។

លោក​ នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារជាតិ នាឱកាសនេះ។ ចំពោះថវិកាដែលទទួលបាន មន្ទីរពេទ្យនឹងប្រើប្រាស់ដើម្បីពង្រឹង និងលើកកម្ពស់នូវគុណភាពនៃការផ្ដល់សេវាសុខាភិបាល និងការព្យាបាលជំងឺផ្សេងៗ ឱ្យបានកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។

ដោយឡែក លោកសាស្ត្រាចារ្យ ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែគិតគូរជួយមន្ទីរពេទ្យគន្ធបុប្ផាជាច្រើនលើកកន្លងមកនេះ ។

សូមរំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍អបអរសារទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងចូលរួមគាំពារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ការព្យាបាល និងលើកកម្ពស់ការថែទាំសុខភាពដល់កុមារនៅកម្ពុជាផងដែរ។ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្វែរថវិកាចំណូលដែលប្រមូលបានពីការរៀបចំកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ដើម្បីបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាចំនួន ៤០០លានរៀល និងបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារជាតិចំនួន ៤០០លានរៀល។

សូមជម្រាបជូនថា ជាលើកដំបូងក្នុងឆ្នាំ២០២០ បន្ទាប់បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “លេខពិសេសផ្ទាល់ខ្លួន” ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនមួយគឺ “កម្ពុជា SAMNANG9”។ បន្ទាប់មកក្នុងឆ្នាំដដែល ក្រសួងបានបរិច្ចាគថវិកាជូនកម្មវិធីរាត្រីស្រមោលសរមូលនិធិគន្ធបុប្ផាចំនួនប្រមាណ ៨០០ លានរៀល ដែលបានមកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 5” និងក្នុងឆ្នាំ២០២១ ក្រសួងបានបរិច្ចាគថវិកាជូនមូលនិធិកាត់បន្ថយភាពក្រីក្រចំនួនប្រមាណ ៨០០លានរៀល មកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 2” សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕

To Top