ព័ត៌មានជាតិ

សិស្សានុសិស្សថ្នាក់ទី១១ សាលា ប៊ែលធី អន្តរជាតិ ទាំង ២៤ ទីតាំង ចំនួន ២,៨៥៧នាក់ ចូលរួមកម្មវិធីបង្កើនចំណេះដឹងទូទៅស្តីពី “ការយល់ដឹងពីគ្រឿងញៀន”

ភ្នំពេញ ​៖ សាលាប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះ ដឹងទូទៅ) ស្តីពី “ការយល់ដឹងពីគ្រឿងញៀន” ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធាន គណៈគ្រប់គ្រងនាយកសាខា ដែលមានការអញ្ជើញ ចូលរួមជាវាគ្មិនកិត្តិយសចំនួន ៣រូប ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ នៅគ្រប់សាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ២៤ទីតាំង សរុបចំនួន ២,៨៥៧នាក់ ដែលមានការចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Cloud Meetings) នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យ ចំណេះទូទៅនៃសាលា ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ គឺជាគ្រឹះស្ថានអប់រំឯកជន ដែលមានគុណភាពអប់រំខ្ពស់ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន បាវចនាគឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិមាន២៦ទីតាំង ២៤ទីតាំងកំពុងដំណើរការ និង២ទីតាំងទៀតនឹងចាប់ផ្តើមនឹងដាក់ឱ្យដំណើរ ការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ។

សាលាមានកម្មវិធីសិក្សា៥ ធំៗគឺ៖
១- ចំណេះទូទៅថ្នាក់ទី១ ដល់ទី១២ សិក្សាតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា ដោយមានបន្ថែមភាសាអង់គ្លេស និងកុំព្យូទ័រ
២- ភាសាអង់គ្លេសទូទៅ (កម្រិត Preschool 1 ដល់កម្រិតទី១២)
៣- ភាសាចិនទូទៅ (កម្រិត Preschool 1 ដល់កម្រិតទី១២) នឹងចាប់ដំណើរការនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣
៤- កម្មវិធីអភិវឌ្ឍបញ្ញា IMA
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL and IELTS)

សាលាក៏បានបន្ថែមកម្មវិធីសិក្សាធំៗ ចំនួន ១០ រួមមាន៖
១-កម្មវិធីបង្កើនចំណេះដឹងទូទៅ ២-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធីសិក្សាតាមទូរទស្សន៍ ៥-កម្មវិធីប្រកួតប្រជែងសំណេរ ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៧-កម្មវិធីជជែកដេញដោល ៨-កម្មវិធីប្រកួតប្រជែងទេពកោសល្យ ៩-កម្មវិធីកីឡា និង១០-កម្មវិធីអប់រំស្ទែម (STEM) & រ៉ូបូទិក (Robotic)។ ហើយកម្មវិធីបង្កើនចំណេះដឹងទូទៅដែលជាកម្មវិធីបន្ថែមទី១នេះ ត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ និងបានបែងចែកទៅតាមកម្រិតថ្នាក់ដូចខាងក្រោម៖
-ថ្នាក់ទី ៨ ការអប់រំផ្លូវចិត្ត
-ថ្នាក់ទី ៩ ទស្សនទានព្រះពុទ្ធសាសនា
-ថ្នាក់ទី ១០ សុវត្ថិភាពចំណីអាហារ និងយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក
-ថ្នាក់ទី ១១ យល់ដឹងអំពីគ្រឿងញៀន និងយល់ដឹងអំពីជម្ងឺអេដស៍
-ថ្នាក់ទី ១២ យល់ដឹងអំពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងតួនាទីយុវជននៅក្នុងសង្គម

ជាក់ស្តែង ថ្ងៃនេះ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីបង្កើនចំណេះដឹង ទូទៅស្តីពី “ការយល់ដឹងពីគ្រឿងញៀន” ដែលជាផ្នែកមួយ នៃកម្មវិធីសិក្សា ក្នុងចំណោមកម្មវិធី សិក្សាបន្ថែមធំៗទាំង១០ ។ ហើយគោលបំណងសំខាន់ នៃការរៀបចំ កម្មវិធីនេះឡើងគឺ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងសិស្សានុសិស្ស ជួយបង្ការ ទប់ស្កាត់ ការរីករាលដាល នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក តាមរយៈរូបភាពផ្សេងៗទាំងក្នុង គ្រួសារសាលារៀន និងសហគមន៍ ដែលជាមូលហេតុនាំឱ្យអំពើហិង្សា អំពើអនាចារ បង្កហានិភ័យ ទុក្ខសោកនាដកម្ម ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានផ្តល់អនុសាសន៍ដាស់តឿនឱ្យប្អូនៗក្មួយៗជាសិស្សានុសិស្ស ត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន គ្រប់ប្រភេទ ជាពិសេសបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTFs-Heated Tobacco Products) ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព ដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាល មានដំណើរ ការមិនប្រក្រតីក្នុងអំឡុង ពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែង ដល់ការលូតលាស់ខួរក្បាល របស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយ ដល់រាងកាយ ។
លោកក៏បានណែនាំប្អូនៗក្មួយៗ ជាសិស្សានុសិស្សប្រព្រឹត្តតែអំពើល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិទាំងមូលចៀសឱ្យផុត គ្រប់អំពីអបាយមុខ ដែលសង្គមស្អប់ខ្ពើម ដើម្បិប្រែក្លាយខ្លួនទៅជាយុវជន យុវនារីទំពាំងស្នងឫស្សីដ៏ល្អ ព្រមទាំងចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ ឱ្យបានរីកចម្រើន ក្រោមម្លប់នៃសន្តិភាព ៕

To Top