ព័ត៌មានជាតិ

ចំណាយជិត១លានដុល្លារ ទិញទឹកខ្មៅលុបមិនជ្រះ បម្រើឲ្យការបោះឆ្នោត

រូបភាព គ ជ ប

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងពេលបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្ដ្រី នីតិកាលទី៧ ឆ្នាំ២០២៣នេះ ត្រូវបានចំណាយថវិកាចំនួន ៩៦៣,៣១០ ដុល្លារ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះប្រើប្រាស់ ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទបានឲ្យដឹងថា មន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានធ្វើការសាកល្បង គំរូទឹកខ្មៅលុបមិនជ្រះ ដែលក្រុមហ៊ុនបានផ្តល់ ជូនចំនួន៤កម្រិត ឃើញថា ទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅ ជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿន ក្នុងបរិយាកាសមិនអាចលុបជ្រះភ្លាមៗបានឡើយ ហើយគុណភាពនេះ ប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅ លុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាព របស់អ្នកប្រើប្រាស់ ។

លោកបន្ដថា បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២,០០០ដប ក្នុង១ដប ចំណុះ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឲ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។

លោកបន្ថែមថា ក្នុងគោលបំណងត្រួតពិនិត្យឲ្យកាន់តែច្បាស់លាស់ នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះ គ.ជ.ប ក៏បានចាត់តាំងមន្ត្រីជំនាញ ទៅចូលរួមសង្កេតមើលខ្សែសង្វាក់នៃការផលិតទឹកខ្មៅនេះ នៅទីតាំងក្រុមហ៊ុនឯឥណ្ឌាផ្ទាល់តែម្តង។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខែ គិតបន្ទាប់ពីការផលិត (កាលបរិច្ឆេទប្រើចុងក្រោយ ខែវិច្ឆិកា ឆ្នាំ២០២៣)។

លោកប្រធាន គ.ជ.ប គូសបញ្ជាក់ថា «ទឹកខ្មៅលុបមិនជ្រះនេះ ត្រូវបានបែងចែកតាមគោលដៅប្រើប្រាស់ ដូចជា៖ ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោត ចំនួន ២ដប, បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងរក្សាទុកនៅ គ.ជ.ប មួយចំនួន។ ទឹកខ្មៅលុបមិនជ្រះដែលប្រើប្រាស់ក្នុងការបោះឆ្នោតនេះ ត្រូវបញ្ជាផលិតដោយចំណាយថវិកាសរុបចំនួន ៩៦៣,៣១០ ដុល្លារ ក្នុងនោះ១ដប ស្មើនឹង ១៧,៦៣ ដុល្លារ សរុបជាទឹកប្រាក់ចំនួន ៩១៦,៧៦០ ដុល្លារ, តម្លៃសេវាដឹកជញ្ជូន និងធានារ៉ាប់រង ៤៦,៥៥០ដុល្លារ»៕

To Top