ព័ត៌មានជាតិ

សភាតំបន់អាស៊ី ៖ ពលរដ្ឋទៅបោះឆ្នោត ដ៏ច្រើនលើសលប់ គឺរួមចំណែកពន្លឿន ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ ៖ លោក Mohammad Reza MAJIDI អគ្គលេខាធិការ សភាតំបន់អាស៊ី (APA) បានថ្លែងថា ការចូលរួមបោះឆ្នោតជ្រើសតាំងតំណារាស្ដ្រ នីតិកាលទី៧ របស់ប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់ គឺបង្ហាញយ៉ាងច្បាស់ ពីចំណាប់អារម្មណ៍របស់ពលរដ្ឋ ក្នុងការចូលរួមចំណែក ពន្លឿនដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ APA ចេញផ្សាយនាពេលថ្មីៗនេះ លោក Mohammad Reza MAJIDI មានសេចក្ដីសោមនស្សរីករាយ ដែលត្រូវបានអញ្ជើញឱ្យមកម្ពុជា ក្នុងនាមជាសមាជិកសកម្មម្នាក់របស់ APA ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកលនៅកម្ពុជា។

លោក បានសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនបានចេញទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតជាមួយនឹងការពេញចិត្តចំពោះការបោះសន្លឹកឆ្នោតរបស់ពួកគេ។ ប្រជាពលរដ្ឋ បានចូលរួមយ៉ាងសកម្មក្នុងការឃោសនានយោបាយ ការពិភាក្សា និងការជជែកដេញដោល ដែលឆ្លុះបញ្ចាំង ពីចំណាប់អារម្មណ៍ពិតរបស់ពួកគេ ក្នុងការកំណត់នូវអនាគតប្រទេសកម្ពុជារបស់ពួកគេ។

លោក អគ្គលេខាធិការ APA គូសបញ្ជាកថា «ការចូលរួមរបស់ប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់យ៉ាងនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែក ពន្លឿនដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»។

អំឡុងពេលមុនការបោះឆ្នោត លោក អគ្គលេខាធិការ APA បានកត់សម្គាល់ឃើញថា មានការចូលរួមដោយ អំណរសាទរពីគណបក្សនយោបាយក្នុងការឃោសនាការបោះឆ្នោតតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បេក្ខជនមកពីគណបក្សនយោបាយផ្សេងៗគ្នាមានឱកាសបង្ហាញគោលនយោបាយរបស់ពួកគេ និងចូលជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោត។ ការធានាឱ្យមានទីលានប្រកួតប្រជែងស្មើភាពមួយសម្រាប់តួអង្គនយោបាយទាំងអស់ គឺមានសារៈសំខាន់សម្រាប់ដំណើរការបោះឆ្នោតដោយយុត្តិធម៌ និងប្រកួតប្រជែង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា មានប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត ចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤,៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់៕

To Top