ព័ត៌មានជាតិ

ករណីអធិការរងខណ្ឌចំការមន! លោក ស ថេត ថា យើងមិនអាចទៅការពារកូនចៅ ដែលធ្វើខុសនោះទេ

រូបភាពពី៖ ស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្តេជ្ញាអនុវត្តទោស ទៅតាមផ្លូវច្បាប់ទៅលើអធិការរងខណ្ឌចំការមនម្នាក់ដែលបានប្រើហិង្សា លើប្រជាពលរដ្ឋ ដើម្បីឲ្យជនរងគ្រោះទទួលបានភាពយុត្តិធម៌ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ដោយលោកអះអាងថា “យើងមិនអាចទៅការពារកូនចៅដែលធ្វើខុសនោះទេ”។

លោក ស ថេត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្ថែមទៅលើអ្វីដែលលោកបានបញ្ជាឲ្យមន្រ្តី ក្រោមឱវាទ ចុះទៅអនុវត្តតាមផ្លូវច្បាប់លើមន្រ្តីប៉ូលិសម្នាក់ប្រើហិង្សាកាលពីរាត្រីថ្ងៃ១៤ សីហាថា ក្រោយទទួលបានព័ត៌មានលោកក៏បានសួរនាំទៅមន្រ្តីជំនាញអំពីបញ្ហានេះ ដូច្នេះសរុបជារួមមកគឺនគរបាលជាគំរូសម្រាប់ពលរដ្ឋ ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ដោយមិនត្រូវមានចិត្តឆេវឆាវនោះទេ ដ្បិតតែហេតុទាំងអស់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ក្តី ប៉ុន្តែអាចនិយាយចរចាគ្នាបានដោយសន្តិវិធី មិនចាំបាច់ប្រើប្រាស់អំពើហិង្សានោះទេ។

ដូច្នេះករណីនេះលោកគូសបញ្ជាក់ថា “គឺយើងមានតែយកច្បាប់មកអនុវត្តទៅតាមកំហុសខុសឆ្គងរបស់មន្រ្តីនគរបាលជាតិរបស់យើង ។ មិនថាយើងមិនកាន់ជើងកូនចៅ មិនការពារកូនចៅ ប៉ុន្តែយើងក៏មិនអាចទៅការពារកូនចៅណាដែលបានប្រព្រឹត្តខុសច្បាប់នោះទេ”។

លោកថា វិន័យកងកម្លាំងនគរបាលជាតិមាន២យ៉ាងណា គឺការលើកសរសើរ និងការដាក់ពិន័យ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ សីហា នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន លោកវរសេនីយ៍ត្រី ហ៊ុត គង់ បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ៕

To Top