ភ្នំពេញ៖ ក្រុមបាតុករដែលចូលរួមបាតុកម្មនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ គឺជាបាតុកម្មដើម្បីប្រមូលថវិកាចិញ្ចឹមមេបាតុករ និងគ្នីគ្នា ខណៈនៅកូរ៉ខាងត្បូងប្រមូលបាន៥០០ដុល្លារ។ ពលរដ្ឋខ្មែរម្នាក់នៅកូរ៉េខាងត្បូង ដែលបានចូលរួមបាតុកម្មម្សិលមិញ បានបញ្ជាក់ថា មេបាតុករនិងគ្នីគ្នាបានរៀបចំការប្រមូលថវិកាប៉ុន្តែប្រើលេសបោកបញ្ឆោតអ្នកចូលរួមថាដើម្បីប្រទេសជាតិ និងការពារសិទ្ធិរបស់ពលករ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ អ្នកចូលរួមបាតុកម្មម្នាក់ដែលសុំមិនបញ្ចេញឈ្មោះក្រោមរូបភាពសុវត្ថិភាព បានបង្ហោះសាវីដេរអូមកអ្នកសារព័ត៌មានថា បាតុកម្មរបស់បក្សប្រឆាំង គឺជាការប្រមូលថវិកាសម្រាប់ទុកឱ្យមេក្រុមបាតុករប្រើប្រាស់ផ្ទាល់ខ្លួន និងគ្នីគ្នាតែប៉ុណ្ណោះដោយមានអ្នកជំនិតម្នាក់ដើរគោះលុយពីអ្នកចូលរួម។ លោក បានអះអាងថា បានប្រមាណ៥០០ដុល្លារ។
ជាមួយហេតុផលជាតិនិងមាតុភូមិ លោក និងគ្នីគ្នាដែលខំធ្វើដំណើររាប់ម៉ោងពីតំបន់ផ្សេងមកសេអូលដើម្បីចូលរួមប៉ុន្តែនៅពេលឃើញមានការអំពាវនាវឱ្យចូលលុយដូចនេះ មានមនុស្សជាច្រើនសិបនាក់បានបដិសេធមិនចូលរួមបាតុកម្មវិញ។ សូមបញ្ជាក់ថា ក្រុមចលនាប្រឆាំងនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ បានរៀបចំដឹកនាំបាតុកម្មដែលមានមនុស្សប្រមាណ១០០នាក់ចូលរួមក្រោមលេសថា ការពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស និងប្រឆាំងការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែមែនទែនទៅវាគ្រាន់តែជាវិធីសាស្ត្រប្រមូលថវិកាប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េខាងត្បូងចំនួន២រូបក៏បានបញ្ជាក់ដូចគ្នាថា ការប្រមូលថវិកានេះ មិនមែនជាលើកទី១របស់ក្រុមប្រឆាំងនៅកូរ៉េ និងជប៉ុននោះទេ។ លោកស្រី ស្រេង វួចនី ពាណិជ្ជករខ្មែរនៅកូរ៉េខាងត្បូង និងកញ្ញា ខោ សុផាន់ណារ៉ា ហៅ ស្រីពេជ្រ ជាអ្នកបកប្រែភាសាឱ្យពលករខ្មែរនៅក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានលើកឡើងព្រមគ្នាថា សម្រាប់អ្នកនៅកម្ពុជាមិនដឹងទេថា ក្រុមប្រឆាំងតែងតែយកការធ្វើបាតុកម្មនេះគឺជាការប្រមូលថវិកាដើម្បីប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន ហើយក្រៅពីនេះ ក្រុមប្រឆាំងតែងតែប្រឌិតរឿងផ្សេងៗដើម្បីជាលេសបោកប្រាស់ពលករខ្មែរ និងពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េ៕