ភ្នំពេញ៖ ក្នុងថ្ងៃទី២ នៃការចូលកាន់តំណែងផ្លូវការជារដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនី។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ លោករដ្ឋមន្ត្រី ហេង សួរ បានបន្តចុះជួយទៅជួបកម្មករនិយោជិតនៅតាមរោងចក្រក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ទាំងដែលពួកគាត់មិនបានដឹងមុនហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការទទួលរួសរាយរាក់ទាក់ជាមួយលោករដ្ឋមន្ត្រីក្រសួងការងារថ្មី។ទិដ្ឋភាពពោរពេញដោយភាពស្និទ្ធស្នាលណាស់ តាមរយៈការសំពះជម្រាបសួរ សួរសុខទុក្ខ ជជែកទល់មុខ ញញឹមសើចសប្បាយ ថតរូបស៊ែលហ្វីជាមួយគ្នា ព្រមទាំងការទទួលអាហារជុំគ្នាថែមទៀត។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីវ័យក្មេង ក៏មិនភ្លេចសាកសួរអំពីស្ថានភាពរស់នៅក្នុងបន្ទប់ជួល កន្លែងធ្វើការ បរិយាកាសការងារក៏ដូចជាតម្រូវការផ្សេង របស់កម្មករ-កម្មការិនីពិសេសលោករដ្ឋមន្ត្រីក៏បានរំលេចអំពីការទទួលបានបណ្ណ ប.ស.ស គុណភាព និងការអត្ថប្រយោជន៍ដែលទទួលបានតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស នេះជាដើម។ លោកក៏បានសាកសួរអំពីការប្រើប្រាស់ ការចំណាយលើសេវាទឹកស្អាត អគ្គិសនី ថ្លៃជួបបន្ទប់ អាហារហូបចុក ក៏ដូចជាការគាំពារសុខុមាលភាពផ្សេងៗទៀត៕










