ព័ត៌មានជាតិ

មនុស្ស៩នាក់ត្រូវអាវុធហត្ថ ខេត្តស្វាយរៀង ចាប់ខ្លួនពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្រុងបាវិត

ស្វាយរៀង៖ មនុស្ស៩នាក់ ក្នុងនោះជនជាតិខ្មែរ៨នាក់ និងវៀតណាមម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ឲ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចផ្ទះជួលស្ថិតនៅភូមិតាបឹប និងចំណុចមុខផ្ទះសំណាក់ថៃអាង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ រួមមាន៖
ទី១៖ ឈ្មោះ អ៊ាន ដុល្លារ អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត
ទី២៖ ឈ្មោះ ផាន់ រ៉ាវី អាយុ៣០ឆ្នាំ មុខរបរអនឡាញ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ទី៣៖ ឈ្មោះ រ៉េត សង់ អាយុ៣០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី៤៖ ឈ្មោះ ឡៃ ទៀត អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទី៥៖ ឈ្មោះ សុខ ចិន្តា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកអនឡាញ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
ទី៦៖ ឈ្មោះ វុទ្ធី សុងលី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទី៧៖ ឈ្មោះ ស្រឿន ស្រួច អាយុ២៧ឆ្នាំ មុខរបរអ្នកជូនភ្ញៀវ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ទី៨៖ ឈ្មោះ ទេព ផានិត អាយុ៣១ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
ទី៩៖ ឈ្មោះ ហ្វាម អាន់ហ្វឿក អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងដកហូតរួមមាន ទូរស័ព្ទដៃចំនួន១០គ្រឿង, រថយន្តចំនួន០២គ្រឿង, ពិលឆក់ចំនួន០៣, ដំបងឈើ ចំនួន០១, កូនកាំបិតចំនួន០១, ថ្នាំក្រាមសថ្លាចំនួន០១កញ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅតុលាការខេត្តស្វាយរៀងអនុវត្តតាមនីតិវិធី៕ដោយ សហការី

To Top