ព័ត៌មានជាតិ

អឺរ៉ុប បង្ហាញជំហរមុតមាំ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលថ្មី

ភ្នំពេញ ៖ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចប់អាណត្តិប្រចាំកម្ពុជា បានបង្ហាញជំហរដ៏មុតមាំ របស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ជាពិសេសក្រោមការដឹកនាំផ្ទាល់ របស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។

ការបង្ហាញជំហរ របស់សហភាពអឺរ៉ុប ធ្វើឡើងនាថ្ងៃទី២៨ ខែសីហានេះ ក្នុងឱកាសលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ បានចូលជម្រាបលា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលលោកស្រីបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា ។

ជាកិច្ចឆ្លើយតបលោកកិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកស្រី ក៏ដូចជាកិច្ចសហប្រតិបត្តិការ ស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប ។

ភ្ជាប់ជាមួយនឹងការជម្រាបលា លោកស្រីទូតអឺរ៉ុប បានគោរពជម្រាប ជូននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាលោកស្រីនឹងបន្តបេសសកកម្មបន្ទាប់ នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរ បង្រួបបង្រួមជាតិ ដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ ៕

To Top