ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ​ប្រឡាយ បឹងសាឡាង ស្វែងរកដំណោះស្រាយ រំដោះជំនន់ទឹកភ្លៀង

រូបភាព៖ ដើមអម្ពិល/ ម៉ៅ ដារាត់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ នាថ្ងៃទី២៨ សីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោក​ ចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឲ្យលូនិងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ ។

ក្នុងដំណើរចុះពិនិត្យផ្ទាល់ នៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ លោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារលូ ចំនួន៦ខ្សែ ជាបន្ទាន់ ដែលលូទាំងនេះ បានតភ្ជាប់ទៅប្រឡាយ បឹងសាឡាងយ៉ាងសំខាន់ ក្នុងការរំដោះទឹកនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ពិសេសនៅមុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់តែម្តង ។
ក្រោយពីការពិនិត្យលូ លោក ឃួង ស្រេង បន្តដឹកនាំចុះពិនិត្យ មើលប្រឡាយ បឹងសាឡាងផងដែរ ដោយបញ្ជាឲ្យមន្ទីរសាធារណការ​ ស្តារភក់នៅក្នុងប្រឡាយនេះឲ្យបានជ្រៅ ធ្វើយ៉ាងណាអាចនាំទឹក ដោយទៅដល់ប្រឡាយស្ទឹងមានជ័យ។

គួរបញ្ជាក់ថា ប្រឡាយបឹងសាឡាង មានទីតាំងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានលោក ឃួង ស្រេង ចុះពិនិត្យ ដោយចាប់ផ្តើម ពីផ្លូវ២៣០ រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ ។ ប្រឡាយបឹងសាឡាង មានសារៈសំខាន់ ក្នុងការរំដោះទឹកចេញពីបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ ផ្លូវ២៣០ និងផ្លូវមួយចំនួនទៀត ក្នុងភូមិសាស្ត្រ ខណ្ឌទទួលគោក ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការនាំទឹកទៅប្រឡាយស្ទឹងមានជ័យ បន្តទៅ ស្ថានីយបូមទឹកបឹងទំពុន ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញ ធ្វើការស្តារជាបន្ទាន់ ដើម្បីរំដោះការលិចលង់នៅរដូវវស្សានេះ៕

To Top