ព័ត៌មានជាតិ

កម្ពុជា ត្រៀមចាត់វិធានការ រក្សាស្ថិរភាពអត្រាប្ដូរប្រាក់

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមចាត់វិធានការរក្សា ស្ថិរភាពអត្រាប្ដូរប្រាក់។

តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្នុងងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្ដូរប្រាក់ជារៀល ធៀបនឹងដុល្លារអាមេរិក បានកើនឡើង គួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បង គឺដោយសារកត្តារដូវកាលនិងសម្ពាធនៃការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ។ ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿន នៅក្នុងដំណាក់កាល នៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍ មិនមានភាពមមាញឹក (low season)។ ចំណែកប្រាក់ដុល្លារអាមេរិក ជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀត លើពិភពលោក ក្រោយពីធនាគារកណ្តាលអាមេរិក បន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញ មូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិកនិងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យក របបអត្រាប្តូរប្រាក់អណ្ដែត មានការគ្រប់គ្រង ដែលអនុញ្ញាត ឱ្យអត្រាប្ដូរប្រាក់រៀល ប្រែប្រួលក្នុងកម្រិតសមស្រប។

ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួន ចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍ លើទីផ្សារប្តូរប្រាក់និងការប្រើប្រាស់ឧបករណ៍នយោបាយ រូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញ នៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព ៕

To Top