ព័ត៌មានជាតិ

កម្ពុជា ផ្ដល់គំរូជោគជ័យពិសេសមួយ ពីប្រទេសធ្លាប់រងគ្រោះដោយសង្គ្រាម ក្លាយជាប្រទេសសន្តិភាព និងកំណើនសេដ្ឋកិច្ចរឹងមាំ

ភ្នំពេញ៖ លោក អាន សុខខឿន អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សជប៉ុន ពីដំណើរនយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដល់ជាគំរូជោគជ័យដ៏ពិសេសមួយ នៃប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ។

ការបញ្ជាក់នេះធ្វើឡើងនាថ្ងៃទី២៩ សីហា ក្នុងឱកាសដែលលោក អាន សុខខឿន និងលោក Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន បានចូលរួមធ្វើជាសហប្រធាន នៃកិច្ចសន្ទនារវាងកម្ពុជា និងជប៉ុនស្ដីពី សិទ្ធិមនុស្ស លើកទី១២ នៅទីស្តីការក្រសួង។

ក្នុងអំឡុងពេលនៃកិច្ចសន្ទនា ភាគីទាំងពីរបានចូលរួមពិភាក្សាស៊ីជម្រៅ លើប្រធានបទសិទ្ធិមនុស្សជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ លើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។

លើសពីនេះ ភាគីទាំងពីរបានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌអន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

លោក អាន សុខខឿន បានយកឱកាសនោះគូសបញ្ជាក់ ពីដំណើរនយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដល់ជាគំរូជោគជ័យដ៏ពិសេសមួយនៃប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីក្នុងសង្គមដោយសេរី។

លោកបានគូសបញ្ជាក់អំពីវឌ្ឍនភាពដ៏សំខាន់ ដែលសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស កំណែទម្រង់ច្បាប់ ការពង្រីកកម្មវិធីគាំពារសង្គមគ្រប់ជ្រុងជ្រោយ និងការរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ៕

To Top