ព័ត៌មានជាតិ

កម្ពុជា ដាក់ឱ្យប្រើប្រាស់ស្តង់ដារ កិច្ចសន្យាឥណទាន និងខចែងកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការពារអតិថិជន

រូបភាពពី៖ សមាគមធនាគារនៅកម្ពុជា (ABC)

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដាក់ឱ្យប្រើប្រាស់ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ។

កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) អ្នកចូលរួមមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងភ្ញៀវកិត្តិយសមកពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតប្រមាណ ៣០០នាក់។

ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនតម្លាភាព និងកិច្ចការពារអតិថិជន។ វិសាលភាពស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាននេះអនុវត្តចំពោះ ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។ ស្តង់ដារកិច្ចសន្យារឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន នឹងត្រូវអនុវត្តតែចំពោះការផ្តល់ឥណទានថ្មី ឬអតិថិជនថ្មី ហើយនឹងមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។

នាឱកាសនោះ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានកោតសរសើរ និងអបអរសាទរចំពោះក្រុមការងារធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះឡើង។ ការណ៍នេះគឺជា សមិទ្ធផលមួយថ្មីបន្ថែមទៀតក្នុងការចូលរួមចំណែកកិច្ចការពារអតិថិជន ក៏ដូចជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកស្រីបណ្ឌិតអគ្គទេសាភិបាល បានបន្ថែមថា ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា «ស្តង់ដាកិច្ចសន្យាឥណទានរួម និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុនេះ ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យសមាជិកទាំងអស់មានទម្រង់ស្តង់ដាកិច្ចសន្យារួម និង ខចែងស្តង់ដាកិច្ចសន្យាឥណទាន ដែលស្របតាមលក្ខខណ្ឌតម្រូវនៃប្រកាសស្តីពីខសន្យាមិនសុចរិត និង ស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាននេះមានសារៈសំខាន់ទាំងចំពោះអតិថិជន និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ដោយសារវានឹងជួយរក្សាបាននូវនិរន្តរភាពសម្រាប់វិស័យទាំងមូល៕

To Top