ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ គ្រោងស្នើរាជរដ្ឋាភិបាល បង្កើតគម្រោងធំមួយដោះស្រាយ ការលិចលង់ជំនន់ទឹកភ្លៀង

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ អាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងបានយូរអង្វែង ដែលជាយន្តការ សម្រាប់ការដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ។

គ្រោងការស្នើសុំនេះ ត្រូវបានលើកឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេងថា ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមកប្រជុំ ពិភាក្សានៅពេលនេះ ដើម្បីរៀបចំផែនការបន្ត លើការដោះស្រាយ ការលិចលង់ ដោយជំនន់ទឹកភ្លៀង ឲ្យបានយូរអង្វែង ។

លោក ឃួង ស្រេង បានជម្រុញឲ្យធ្វើកិច្ចការងារនេះ ជាកញ្ចប់តែមួយដែលនឹងអាចដោះស្រាយ ការលិចលង់នេះបានពី១៥ទៅ២០ឆ្នាំ ។ ពាក់ព័ន្ធការងារនេះ រាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឲ្យបានល្អ ជៀសវាងនូវការលិច ដោយជំនន់ទឹកភ្លៀង ព្រោះបើលិចរោងចក្រ សហគ្រាសនោះ នឹងខាតបង់ធ្ងន់ធ្ងរ នេះជាបញ្ហាដែលទាមទារ ឲ្យរួមគ្នាដោះស្រាយឲ្យបានល្អ ។

លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្រោយកិច្ចប្រជុំ រកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ ការលិចលង់ដោយជំនន់នេះ ឲ្យបានល្អ ដែលអាចកាត់បន្ថយការលិចលង់បានពី ១៥ទៅ២០ឆ្នាំ។

ជាមួយគ្នានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា សម្រាប់រាជធានីភ្នំពេញ ក្រុមការងារបានធ្វើការងារច្រើន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង គិតមកដល់ពេលនេះស្ថាបនា ប្រព័ន្ធលូបានជាង ៩២៤គីឡូម៉ែត្រ ហើយនឹងបន្តស្ថាបនា ជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នានេះក៏បានដោះស្រាយ បញ្ហាលិចលង់បាន៣២កន្លែង ហើយនៅពេលថ្មីៗនេះទៀត បានដោះស្រាយ ៧កន្លែងថ្មីទៀតផងដែរ ៕

To Top