ព័ត៌មានជាតិ

សមាជិករដ្ឋាភិបាល អមដំណើរ​នាយករដ្ឋមន្ដ្រី ត្រូវផ្អែកលើកិច្ចការងារពាក់ព័ន្ធ

កណ្ដាល៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ជាគោលការណ៍ថា សមាជិករាជរដ្ឋាភិបាល ពេលចូលរួមពិធីសំណេះសំណាលជាមួយ នាយករដ្ឋមន្ដ្រី ត្រូវផ្អែកលើកិច្ចការងារពាក់ព័ន្ធ ជាចាំបាច់ ឬចាត់តំណាងមកចូលរួម ដើម្បីក្តាប់របាយការណ៍ពីនាយករដ្ឋមន្ដ្រី។

ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋមន្រ្តីនៅតាមក្រសួងខ្លះ បានលើកពេលកិច្ចប្រជុំផ្ទាល់របស់ក្រសួងខ្លួន ដើម្បីចូលរួមជាមួយ នាយករដ្ឋមន្ដ្រី។ កិត្តិទេសាភិបាលបណ្ឌិត បានណែនាំថា គប្បីប្រជុំដើម្បីដោះស្រាយបញ្ហានានា ដែលកើតឡើងជាមុនសិន​ ។

កិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា «ថ្ងៃនេះ សូមអរគុណ ឯកឧត្តម-លោកជំទាវ ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា ជាពិសេសសមាជិករាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងថ្ងៃនេះយ៉ាងច្រើនកុះករ។ ដើម្បីធានានូវប្រសិទ្ធិភាពការងារ ថ្ងៃក្រោយ ខ្ញុំ គិតថា ម៉ោងនេះ ជាម៉ោងវិលជុំ ហើយត្រូវធ្វើការងារជាប្រចាំដើម្បីដោះស្រាយ ឯកឧត្តមខ្លះ ត្រូវលើកពេលប្រជុំកិច្ចការសំខាន់ ដើម្បីចូលរួមនេះ ខ្ញុំគិតថា ទន្ទឹមនឹងការអរគុណឆ្លៀតពេលនេះ ខ្ញុំក៏សូមផ្ដល់គោលការណ៍ថា ចំពោះការចូលរួម គឺផ្អែកទៅលើកិច្ចការ ពាក់ព័ន្ធចាំបាច់ បើសិនជាមាន កិច្ចការត្រូវប្រជុំ គឺមិនចាំបាច់ចូលរួមទេ» ។

កិត្តិទេសាភិបាលបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ សមាជិករាជរដ្ឋាភិបាលទាំងអស់ បានអញ្ជើញចូលរួមជាមួយលោក ដើម្បីបង្ហាញពីការសាមគ្គីភាពផ្ទៃ របស់ ថ្នាក់ដឹកនាំតាមបណ្ដាក្រសួងនានា ក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ៕

To Top