ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិថៃ ប្រុសស្រី២នាក់ ពាក់ព័ន្ធករណី ជួញដូរថ្នាំញៀន នៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន កាលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្មក់ចុះបង្ក្រាបករណីជួញដូរថ្នាំញៀន នៅចំណុចផ្ទះជួលមួយកន្លែង ម្ដុំ ភោជនីយដ្ឋាន ប៊ូ សោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ជនសង្ស័យជនជាតិថៃប្រុសស្រី២នាក់ យកមកសួរនាំ។

ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលដោយផ្ទាល់ពីលោក លឹម ប៊ុន សុភក្រ័ ព្រះរាជ អាជ្ញារងសាលាដំបូង ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ SUCHAT RAMAN ភេទប្រុស អាយុ ៤២ ឆ្នាជនជាតិ ថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៣៨១១៨៨៦។
២-ឈ្មោះ MACA RAMAN ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៤២៣៤៦៦៨។

បានធ្វើការឆែកឆេរ និងត្រួតពិនិត្យផ្ទះជនសង្យ័យ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៣ ថង់ធំ នៅក្នុងកាបូបស្ពាយពីក្រោយពណ៏ខ្មៅ ក្នុងបន្ទប់ជាន់លើផ្នែកខាងក្រោយ ក្នុងផ្ទះជនសង្ស័យ។

បច្ចប្បន្នក្រោយសួរនាំ នៅថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២៣ ជនសង្ស័យជនជាតិថៃប្រុសស្រីទាំងពីរនាក់ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតីវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

To Top