ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសកម្ពុជា និងទូតអាមេរិក ពិភាក្សាពីការរៀបចំជំនួប រវាងសម្ដេច ហ៊ុន ម៉ាណែត និងអ្នកការទូតជាន់ខ្ពស់អាមេរិក

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ផាក ទ្រីកម៉ាហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា អំពីការរៀបចំ ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទី របស់សហរដ្ឋអាមេរិក នៅអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

ក្នុងជំនួបនេះ លោក សុខ ចិន្តាសោភា បានជម្រាបលោក Murphy អំពី គម្រោងកាលវិភាគ របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនអាមេរិកមួយចំនួន ដែលនឹងរៀបចំឡើង ដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើម្បីពិភាក្សាពីឱកាសធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្ដេច អញ្ជើញចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាពេលខាងមុខ។

សូមរំលឹកថា តាមការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨(UNGA78) ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៣ ៕

To Top