ព័ត៌មានជាតិ

ប្រគល់ផ្ទះមនុស្សធម៌ ២ខ្នង  ជូនពលរដ្ឋ ២គ្រួសារ ដែលមានជីវភាពទ័លលំបាក

រូបភាព សហការី

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសហការី ព្រមទាំង ព្រះសង្ឃផងនោះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ទី១៥ និង ទី១៦ នៅទីតាំង២ កន្លែងផ្សេងគ្នា ជូនពលរដ្ឋទ័លលំបាក ២គ្រួសារ ដោយ ១គ្រួសារ ស្ថិតក្នុងភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម និង ១គ្រួាសារទៀត ក្នុងភូមិអន្លង់អកកើត ឃុំសូគង ស្រុកកងមាស ។

បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា គ្រួសារ ទី១ ឈ្មោះ ញ៉ិល សុខនី អាយុ ៤៩ឆ្នាំ រស់នៅ ភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីឈ្មោះ ស្រឿន សារិន អាយុ ៥១ ឆ្នាំ ជាជនពិការ ភ្នែក និងជើង មិនអាចធ្វើការបាន មានជីវភាពលំបាកយ៉ាប់យ៉ឺនខ្លាំង ដោយរស់នៅ ពឹងផ្អែកតែលើការជួយពីរាជរដ្ឋាភិបាល តាមរយ:ប័ណ្ណសមធម៌ ក្រ ២ គួបផ្សំចំណូលតិចតួច ដែលបានពីប្រពន្ធ ដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះអ្នកស្រុក ។ ពួកគាត់ រស់នៅ ក្នុងផ្ទះចាស់ទ្រុឌទ្រោម ដំបូលជញ្ជាំងធ្លុះធ្លាយ ហើយពិបាកជ្រក ពេលភ្លៀងម្តងៗ ។

ចំណែក គ្រួសារ ទី២ ឈ្មោះ ឡុំ ស្រីតូច រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី១នាក់ អាយុ ៣ឆ្នាំ ដោយ រស់នៅ ពឹងផ្អែកលើសប្បុរសជន អ្នកជិតខាង រួមជាមួយការឧបត្ថម្ភរបស់ អាជ្ញាធរភូមិឃុំ និងការជួយពីរាជរដ្ឋាភិបាល តាមរយ:ប័ណ្ណសមធម៌ ក្រ ១ ផងដែរ ។ ហើយស្រ្តីមេម៉ាយទុរគត នេះ មានតែកូនខ្ទមតូចផ្ទាល់ដី ដែលរដ្ឋបាលឃុំ ផ្តល់អោយ លើដីកេរ្តិ៍ ទំហំ ៨ម×១២ម ក្នុងភូមិខាងលើ ។

លោក ទូច ឆៃ បន្តថា ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើប លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ជូន ២គ្រួសារនេះ ដែល ១ខ្នង មានតម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណខេត្រ អនុសាខាស្រុក សាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម- ស្រុកកងមាស និងសប្បុរសជន ជូន ក្រុមគ្រួសារ និងក្មួយស្រី ឡុំ ស្រីតូច សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។

ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលជីវភាពរស់នៅ លោក អ៊ុន ចាន់ដា បានផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ ជូនគ្រួសារទាំង ២ សម្រាប់សង្កត់ផ្ទះថ្មីនេះ ដោយ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់ អាវយឺត ១២ , សាប៊ូ ដុំសម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង ២ខ្នងនេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕

To Top