ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសកែទម្រង់ ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»

រូបភាពដើមអម្ពិល

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ​បានប្រកាសធ្វើកំណែទម្រង់ ចំពោះការប្រឡង ចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ ចេះគឺជាប់ សំដៅធានាឱ្យបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ កញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីម្សិលសម្ដេចបានបញ្ជាឲ្យផ្អាក ការប្រឡងជ្រើសរើសមន្ត្រីចូល ក្របខណ្ឌរដ្ឋដើម្បីរៀបចំយន្តការថ្នាក់ជាតិមួយ ឲ្យមានសុគតភាព ដោយចាប់ផ្ដើមដំបូង នៃគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី៧ គឺ កំណែទម្រង់មុខងារសាធារណៈ និងមួយទៀតគឺកែទម្រង់ការ ប្រឡងរើសមន្ត្រី ចូលក្របខណ្ឌរដ្ឋ ។

សម្ដេចមហាបវរធិបតី សង្កត់ធ្ងន់ថា «ទៅមុខយើងនឹងប្រឡង រៀបចំយន្តការថ្នាក់កណ្ដាល ស្រដៀងឯកឧត្ដម ហង់ ជួនណារ៉ុន ធ្វើប្រឡងបាក់ឌុប ខ្ញុំប្រឡងទាហានក៏ដូចគ្នា ធ្វើយ៉ាងណាតែយើងសហការជាមួយក្រសួងជំនាញ ព្រោះជំនាញនីមួយៗមានវិញ្ញាសារខុសៗគ្នា យើងពិនិត្យធ្វើយ៉ាងណាដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ធានាថា អ្នកចេះជាប់ នេះហើយជាគោលការណ៍របស់យើង» ។

សម្ដេចបន្ថែមថា ចំពោះការប្រឡងចូលក្របខណ្ឌ គឺចេញដេប៉ាឲ្យស្មើគ្នា អត់មានក្រសួងនេះរៀបចេះ ក្រសួងនោះរៀបចំទៀតទេ គឺយន្តការតែមួយ សម្រាប់មន្ត្រីក្របខណ្ឌទាំងអស់ គឺត្រូវប្រឡងយន្តការថ្នាក់ជាតិ ឲ្យបានយុត្តិធម៌ និងតម្លាភាព ។

សម្ដេចធិបតីបន្តថា សម្រាប់មន្ត្រីកិច្ចសន្យា គឺសម្ដេចប្រគល់សិទ្ធិជូនក្រសួងស្ថាប័ន នៅបន្តធ្វើនីតិវិធី ប៉ុន្តែត្រូវធានាឲ្យបាននូវតម្លាភាព និងយុត្តិធម៌ផងដែរ ។ សម្ដេចថា រឿងមន្ត្រីដែលមានស្រាប់ ត្រូវបែងចែកការងារ និងឲ្យមានការសហការគ្នា ដោយត្រូវរក្សាកម្លាំងចាស់ និងថ្មីជាកម្លាំងសរុប ។

សម្ដេចមហាបវរធិបតី ថ្លែងថា ជាកិច្ចការចម្បងវិធាន ៥ចំណុចដែលបានដាក់ចេញ ដូចជាការកែទម្រង់មុខងារសាធារណៈ សុខាភិបាល អប់រំ គឺបង្កើតគណៈកម្មការជាតិ ដែលមាននាយករដ្ឋមន្ត្រី ដឹកនាំផ្ទាល់តែម្ដង ដើម្បីធានាប្រសិទ្ធភាព ៕

To Top