ព័ត៌មានជាតិ

ការសាងសង់ទំនប់ដូនទ្រី សម្រេចបានជាង៧០% និងគ្រោងបញ្ចប់ទាំងស្រុង នៅចុង ឆ្នាំ២០២៥

រូបភាព ក្រសួងធនធានទឹក

ភ្នំពេញ ៖ ទំនប់ដូនទ្រី ដែលមានសមត្ថភាពស្តុកទឹក បានរហូតដល់ ១៦៣,១លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រព ផ្ទៃដីស្រូវវស្សា ចំនួន ៣៣០០០ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំង ៤៥០០ហិកតា ក្នុងខេត្តបាត់ដំបង ត្រូវបានសាងសង់ សម្រេចបានជាង៧០% និងគ្រោងបញ្ចប់ ទាំងស្រុងនៅចុង ឆ្នាំ២០២៥ ។ នេះបើយោង តាមក្រសួងធនធានទឹក និងឧតុនិយម។

ការឱ្យដឹងបែបនេះធ្វើឡើង ក្នុងឱកាស ដែល លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បាន ចុះពិនិត្យស្ថានភាពទឹក និងត្រួតពិនិត្យ ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ក៏បានបន្តចុះត្រួតពិនិត្យទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជាគម្រោងមួយទទួល បានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ។

គួរបញ្ជាក់ថា ការសាងសង់ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង គឺក្នុងគោលបំណង ដើម្បីផ្គត់ផ្គង់ទឹក ឱ្យបានគ្រប់គ្រាន់ដល់ប្រព័ន្ធធារាសាស្រ្ត ដែលស្ថិតនៅផ្នែកខាងក្រោមនៃអាងស្ទឹងដូនទ្រី និងដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ បានមួយភាគនៅតំបន់ ផ្នែកខាងក្រោមបឹងទន្លេសាប។ ទំនប់ដូនទ្រីជាទំនប់ ដែលមានផ្ទៃរងទឹកភ្លៀង ធំរហូតដល់ ៦១៣,៤គីឡូម៉ែត្រក្រឡា មានសមត្ថភាពស្តុកទឹកបានរហូតដល់ ១៦៣,១លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រពផ្ទៃដី ស្រូវវស្សាចំនួន ៣៣០០០ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំង ៤៥០០ហិកតា៕

To Top