ព័ត៌មានជាតិ

ក្រសួង ដាក់ចេញយុទ្ធសាស្ត្រចំនួន៤ ដើម្បីគាំទ្រនយោបាយ​​ អភិវឌ្ឍន៍តំបន់ជនបទ ឱ្យមានការរីកចម្រើនថែមទៀត

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ចេញ នូវយុទ្ធសាស្ត្រ ដែលជាកម្មវិធីអាទិភាពចំនួន៤ ដើម្បីគាំទ្រនយោបាយអភិវឌ្ឍន៍តំបន់ជនបទ ឱ្យមានការរីកចម្រើនថែមទៀត។

ថ្លែងក្នុង ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងអង្គភាពក្រោមឱវាទក្រសួង និងប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទរាជធានី ខេត្តទាំង២៥ នៅ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន ​បានលើកឡើងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ផ្អែកតាមចក្ខុវិស័យខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងខិតខំបន្តកសាងសមិទ្ធផលថ្មីបន្ថែម ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រ ដែលជាកម្មវិធីអាទិភាព ចំនួន៤ ដើម្បីគាំទ្រនយោបាយអភិវឌ្ឍន៍តំបន់ជនបទ ឱ្យមានការរីកចម្រើនថែមទៀត ដូចខាងក្រោម៖

កម្មវិធីទី១ ៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ធានាបាននូវតំបន់ជនបទ សមាហរណកម្ម និងដើម្បីជំរុញសរសៃឈាម នៃកំណើនសេដ្ឋកិច្ចដល់ទីជនបទ ។
កម្មវិធីទី២៖ កែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជន ជនបទរស់នៅមានឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព ។
កម្មវិធីទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ ។
កម្មវិធីទី៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ ៕

To Top