ព័ត៌មានជាតិ

កុំភាន់ច្រឡំ លោកស្រីបណ្ឌិត​ ពេជ​ ចន្ទមុន្នី ប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក​តែមួយប៉ុណ្ណោះ ពុំមានគណនីផ្សេងឡើយ

ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីរកឃើញថា ​មានគណនី បណ្តាញសង្គមមួយចំនួន បានប្រើប្រាស់ឈ្មោះ និងរូបភាព ក៏ដូចជាការបង្ហោះរាល់សកម្មភាព របស់លោកស្រីបណ្ឌិត ពេជ​ ចន្ទមុន្នី​ ភរិយាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសាធារណៈជនមួយចំនួន មានការភាន់ច្រឡំ ។

ដើម្បីកុំឲ្យមានការភាន់ច្រឡំនោះ លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាក្រុមការងារព័ត៌មាន​ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានធ្វើការបញ្ជាក់ថា “សូមគោរពជម្រាបសាធារណ:ជនមេត្តាជ្រាបថា​ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ស្ត្រីទីមួយកម្ពុជា​ គឺប្រើប្រាស់បណ្តាញសង្គមតែមួយប៉ុណ្ណោះ​ ដែលមានឈ្មោះថា​ Chanmony Pich ដោយមាន Link: https://www.facebook.com/chanmony.pich.9 ។

លោកបានបញ្ជាក់បន្ថែមថា “លោកជំទាវបណ្ឌិត​ ពុំមានបង្កើតគណនី​ ឬប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតនោះទេ​ ដូចនេះសូមបងប្អូនមេត្តាជ្រាប​ និងកុំមានការភាន់ច្រលំណាមួយ។ ជាមួយនេះ​ សូមបងប្អូនដែលបានបង្កើត គណនីបណ្តាញសង្គមផ្សេង​ សូមបញ្ឈប់ក្នុងការប្រើប្រាស់ឈ្មោះ​ និងរូបភាពរបស់លោកជំទាវបណ្ឌិត​”៕

To Top