ព័ត៌មានជាតិ

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យគុណភាព ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម

រូបភាព ក្រសួងសាធារណការ

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពគុណភាព ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម ដោយប្រើប្រាស់រថយន្ត បំពាក់ឧបករណ៍អង្កេត ពិនិត្យស្ពាន ឧបករណ៍វាស់ ដើម្បីតាមដានរំញ័រស្ពាន និងកម្ពស់ទឹកទន្លេ នារដូវវស្សា ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង សិក្សាឈ្វេងយល់ស្ថានភាពគុណភាព ជាក់ស្ដែងរបស់ស្ពាន ក៏ដូចជាបង្ហាញពីរបៀបប្រើប្រាស់ ឧបករណ៍បច្ចេកទេសថ្មីៗ ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួង និង មន្ត្រីបច្ចេកទេសពាក់ព័ន្ធ សំដៅពង្រឹង និងពង្រីកបន្ថែមសមត្ថភាព ការងារថែទាំហេដ្ឋារចនាសម្ព័ន្ធ ស្ពាននៅទូទាំងប្រទេស ។

ស្ពានព្រែកក្តាម ជាស្ពានមួយក្នុងចំណោមស្ពានធំៗទាំង១៣នៅទូទាំងប្រទេស ដែលស្ថិតក្នុងគម្រោងអង្កេតពិនិត្យសម្រាប់ឆ្នាំ២០២៣។ ការប្រើប្រាស់រថយន្តបំពាក់ ឧបករណ៍អង្កេតពិនិត្យ ស្ពាននេះ បានផ្តល់នូវភាពងាយស្រួល និងមានភាពសុក្រឹត ជាងការចុះពិនិត្យមើលបាតស្ពាន កាលពីពេលកន្លងមក ដែលអាចផ្ទុកមនុស្សចុះទៅពិនិត្យ មើលដល់បាតស្ពានដោយផ្ទាល់បាន។

សូមរំលឹកថា ស្ពានព្រែកក្តាម មានប្រវែង ៩៨១ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រូវបានបើកការដ្ឋាននៅក្នុងខែមិថុនា ឆ្នាំ២០០៧ សាងសង់រួចរាល់នៅខែមេសា ឆ្នាំ២០១០ ដោយចំណាយថវិកាអស់ជាង ២៨លានដុល្លារ។ ស្ពានដែលមានអាយុកាលជាង១៣ឆ្នាំនេះ ត្រូវបានសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ នាខែឧសភា ឆ្នាំ២០១០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី៕

To Top